League Cup កម្ពុជា អាចមាន ៨ក្រុមចូលរួម និងប្រើពេលប្រកួតប្រមាណជិត ១ខែ

មាស សុផាណារ៉ុង May 29, 2021


 

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅព្រឹកថ្ងៃទី២៩ ឧសភា បានប្រកាសពីការបង្កើតពានរង្វាន់ថ្មីមួយទៀត ឈ្មោះថា (CNCC League Cup) ដល់ក្រុមនៅលីគកំពូលកម្ពុជា ដែលនឹងត្រូវសម្រាកអំឡុងក្រុមជម្រើសជាតិចេញទៅប្រកួតនៅក្រៅប្រទេស។

ភ្ជាប់ជាមួយគ្នានេះ ក៏មានការលេចឭព័ត៌មានបន្ថែមទៀតផងដែរថា ពានរង្វាន់នេះអាចនឹងមាន ៨ក្រុមចូលរួម ហើយបែងចែកចេញជា ២ពូល ក្នុង ១ពូលមាន ៤ក្រុម ហើយក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងបានកៅអីឡើងវគ្គចាញ់ធ្លាក់ (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកផ្ដាច់ព្រ័ត្រ) និងប្រើរយៈពេលពេលប្រកួតប្រមាណជិត ១ខែ។

តាមការបង្ហើបឲ្យដឹង ក្រុមទាំង ៨ដែលចូលរួមរួមមាន កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រៃវែង, ភ្នំពេញក្រោន, បឹងកេត, គីរីវង់សុខសែនជ័យ, ព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។

គួរបញ្ជាក់ថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់