សិង្ហបុរី ដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះ ការប្រកួត AFC Cup ២ពូល ដោយសារកូវីដ-១៩

មាស សុផាណារ៉ុង May 27, 2021


 

សិង្ហបុរី៖ សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភានេះ បានបញ្ជាក់ថា គេនឹងដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះ សម្រាប់វគ្គចែកពូល ពូល H និង I នៃពានរង្វាន់ក្លិបបាល់ទាត់ លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup)។

នៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយ FAS បានសរសេរថា សហព័ន្ធបានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រួចហើយ អំពីការសម្រេចចិត្តរបស់ខ្លួន។

គេបានបន្ថែមទៀតថា៖ “ដើម្បីជាអត្ថប្រយោជន៍ដល់កីឡាករទាំងអស់ មន្ត្រី និងសហគមន៍មូលដ្ឋាន សមាគមកីឡាបាល់ទាត់សិង្ហបុរី បានសម្រេចចិត្តមិនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះក្នុងពូល នៃពានរង្វាន់ AFC Cup 2021។”

ពានរង្វាន់ AFC Cup ត្រូវបានលុបចោល កាលពីឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត កូវីដ-១៩ នៅពេលដែលវិធាន នៃការធ្វើចត្តឡីស័ក (ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក) នៅតាមប្រទេសជាច្រើន ធ្វើឱ្យការធ្វើដំណើរអន្តរជាតិស្ទើរតែមិនអាចទៅរួច។

សូមរំឭកជាថ្មីថា បឹងកេត ជាមួយ វិសាខា នឹងតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ បឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះ ខណៈវិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល។

បឹងកេត ត្រូវប្រកួតក្នុងពូល G ជាមួយ Hanoi (វៀតណាម), Bali United (ឥណ្ឌូនេស៊ី) និងក្រុមឈ្នះវគ្គជម្រុះ រវាង Chanthabouly អតីត Lao Toyota របស់ឡាវ ជាមួយ Kasuka របស់ព្រុយណេ ស្របពេលដែលវិសាខា ត្រូវឡើងទៅពូល H ប្រកួតនៅសិង្ហបុរីនេះផ្ទាល់តែម្ដង ដែលមាន Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សិង្ហបុរី) និង Saigon (វៀតណាម) អង្គុយរង់ចាំរួចជាស្រេច៕

 

ប្រភព៖ channelnewsasia.com

មតិយោបល់