គ្រូវិសាខា រង់ចាំគូប្រកួតដូចព្រះខ័នរាជស្វាយរៀង យូរហើយ ដ្បិតកន្លងមកជួបតែក្រុមលេងការពារវាយបក

មាស សុផាណារ៉ុង May 22, 2021


 

ភ្នំពេញ៖ លីគកំពូលកំពូលកម្ពុជា នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ នេះនឹងមានការប្រកួតពិសេសផងដែរ គឺជាការជួបគ្នារវាង វិសាខា ជាមួយ ព្រះខ័នរាជស្វាយរៀង សម្រាប់ជំនួបសប្ដាហ៍ទី៣ ដែលជាការប្រកួតបង្រ្គប់សប្ដាហ៍។ យ៉ាងណាមិញនៅមុនជំនួបដែលអ្នកគាំទ្រទន្ទឹងរង់ចាំនេះ គ្រូបង្វឹករបស់ក្រុមទាំងពីរក៏បានលើកឡើងរៀងៗខ្លួនផងដែរ ដើម្បីជាការបង្ហាញឆន្ទៈ និងរន្ធើនដល់ការប្រកួត។

លោក Colum Curtis គ្រូបង្វឹកវិសាខា បានលើកឡើងដូច្នេះថា៖ “ការប្រកួតនេះគឺជាការប្រកួតដែលខ្ញុំទន្ទឹងរង់ចាំ ជាមួយក្រុមដែលខ្ញុំយ៉ាងច្បាស់ ខ្ញុំដឹងថាគេមកទីនេះដើម្បីឈ្នះ ដែលវានឹងក្លាយជាការប្រកួតដែលគួរឲ្យចង់ទស្សនាជាងមុន មានការចង់ឈ្នះ ហើយនាំមកនូវភាពទាក់ទាញសម្រាប់អ្នកគាំទ្រ ពីព្រោះ ២ក្រុមកន្លងមក មកទីនេះជាមួយការប្រកួតគួរឲ្យខកចិត្ត លេងដើម្បីស្មើ ដោយការពារច្រើន ហើយនិងវាយបក។”

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ មិនអាចនិយាយបានថា ដាច់ខាតវិសាខា នឹងឈ្នះការប្រកួតនេះឡើយ ប៉ុន្តែលោកជឿជាក់ថា កីឡាករ ១១នាក់ដំបូងដែលដាក់លេងនឹងបង្ហាញការប្រឹងប្រែងអស់ពីសមត្ថភាព។

ដោយឡែក លោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង វិញក៏បាននិយាយពីការប្រកួតនេះដូច្នេះដែរថា៖ “យើងទន្ទឹងរង់ចាំការប្រកួតនេះ ចាប់តាំងពីយើងប្រកួតចុងក្រោយយូរដែរមកហើយ យើងរីករាយជាមួយការប្រកួត និងពិតជាមិនអាចរង់ចាំបានឡើយ។”

និយាយពីក្ដីសង្ឃឹមឈ្នះការប្រកួត លោក Conor បានបន្ថែមទៀតថា៖ “ខ្ញុំគឺជាគ្រូបង្វឹកអាជីព ការងាររបស់គ្រូបង្វឹកអាជីពគឺការរៀបចំក្រុម ហើយចំពោះការទស្សន៍ទាយពីលទ្ធផល គឺមិនមែនជាការងារវិជ្ជាជីវៈរបស់ខ្ញុំឡើយ អ្វីដែលរំពឹងទុកគឺការជឿជាក់លើកីឡាករ ១០០ភាគរយ ហើយនឹងគោរពដៃគូប្រកួត។”

សូមបញ្ជាក់ថា​ ការប្រកួតរវាង វិសាខា ជាមួយ ព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានព្រីនស៍ ដោយការប្រកួតមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ ក្លិបបាល់ទាត់វិសាខា

មតិយោបល់