អគ្គលេខាធិការ ស.ប.ក បញ្ជាក់ជុំវិញតែងតាំងគ្រូជំនួយជម្រើសជាតិថ្មីថ្មោងលើឆាកអន្តរជាតិ លោក អ៊ុក សុធី

មាស សុផាណារ៉ុង May 21, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានប្រកាសតែងតាំងគ្រូជំនួយថ្មីនៃក្រុមជម្រើសជាតិកម្ពុជា ចំនួន ២រូប ដើម្បីរួមដំណើរជួយគ្រូបង្គោល លោក Ryu Hirose ពោលគឺ លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី។

អ្វីដែលជាការចាប់អារម្មណ៍ គឺការតែងតាំង លោក អ៊ុក សុធី ដែលជាអតីតកីឡាកររបស់ក្លិបភ្នំពេញក្រោន ទើបចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០១៩ និងនៅមានបទពិសោធន៍តិចតួចនៅឡើយជាមួយការងារជាគ្រូបង្វឹក ដោយកំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក AFC B License។ ពាក់ព័ន្ធទៅនឹងការតែងតាំងនេះផងដែរ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក​ កែវ សារ៉េត បានឲ្យដឹងថាការនាំយករូបលោកមកក្នុងន័យផ្ដល់បទពិសធន៍ ក៏ដូចជាសាកល្បង។ នេះបើតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ “គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC” Cambodia SEA GAMES 2023

អគ្គលេខាធិការរូបនេះបន្ថែមថា សម្រាប់សមាសភាពគ្រូជំនួយ ២រូបខាងលើនេះ គឺសហព័ន្ធបានប្រកាសជាផ្លូវការហើយ ក្នុងការមកជួយដល់ការហ្វឹកហាត់-ប្រកួតក្រុមជម្រើសជាតិ ប៉ុន្តែគ្រូជំនួយទាំងពីរូបនេះ អាចមានភាពខុសគ្នា ដោយសារ លោក អ៊ុក សុធី ជាគ្រូជំនួយថ្មីនៃក្រុមការងារជម្រើសជាតិ ដោយរង់ចាំមើលការងាររបស់គាត់បន្ថែម ប្រសិនបើកិច្ចការរបស់គាត់ល្អ ពេលចេញទៅជួបប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន សហព័ន្ធនឹងអាចបន្តកិច្ចសន្យាបានយូរបន្ថែមទៀត។ ចំពោះគ្រូជំនួយ លោក ភា សុភ័ក្ត្រា គឺជាគ្រូជំនួយចាស់ ដែលបន្តកិច្ចសន្យាថ្មី លោកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិ។

បញ្ជាក់ថា ការត្រលប់មកវិញ ដែលជាការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C ដែលស្ថិតនៅពូលជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ចំពោះ ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់