ជួយ Neftci ឲ្យលើកពានលីគអាស៊ែបៃហ្សង់ តែ Honda មិនអាចបន្តជួយក្រុមនេះជម្រុះ Champions League ឡើយ

មាស សុផាណារ៉ុង May 20, 2021


 

អាស៊ែបៃហ្សង់៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Azerbaijan Premier League របស់អាស៊ែបៃហ្សង់ កាលពីពាក់កណ្ដាលខែមីនា កន្លងទៅថ្មីៗនេះ ទីបំផុតបានជួយឲ្យក្រុមនេះឈ្នះជើងឯកលីគជាផ្លូវការហើយ កាលពីយប់មិញ ក្រោយដាច់ពិន្ទុក្រុមរងជើងឯក តែ ២ពិន្ទុប៉ុណ្ណោះ។

ឆ្លងកាត់ការប្រកួត ២៨លើក ក្នុងចំណោមលីគដែលមាន ៨ក្រុម (ប្រកួតវិលជុំ ៤ជើង) ក្លិប Neftci PFK រកបាន ៥៩ពិន្ទុ ក្រោយប្រកួតឈ្នះ ១៨ដង ស្មើ ៥ដង និងចាញ់ ៥ដង នាំមុខក្រុមលេខ២ Qarabağ ដែលមាន ៥៧ពិន្ទុ ពីការប្រកួតឈ្នះ១៦ ស្មើ៩ និងចាញ់៣។

ការឈ្នះជើងឯកលីគកំពូលអាស៊ែបៃហ្សង់ នេះផងដែរ នឹងធ្វើឲ្យក្លិប Neftci PFK ទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់ធំជាងគេប្រចាំទ្វីបអ៊ឺរ៉ុប “UEFA Champions League” វគ្គជម្រុះជុំទី១ (First qualifying round) ដែលជាវគ្គបន្ទាប់ពីវគ្គជម្រុះបឋម (Preliminary round) ប៉ុន្តែយ៉ាងណាមិញ លោក Keisuke Honda មិនអាចបន្តជួយក្រុមនេះប្រកួតវគ្គជម្រុះឡើយ ដោយសារតែកិច្ចសន្យារបស់លោក ជាមួយក្លិបនិងបញ្ចប់ត្រឹមខែឧសភានេះ ខណៈវគ្គជម្រុះនឹងធ្វើឡើងនៅខែកក្កដា។ យ៉ាងណា Keisuke Honda រួមចំណែកជាមួយក្លិបដោយបង្ហាញខ្លួនបានចំនួន ៧ប្រកួត ហើយអាចរកគ្រាប់បាល់បាន ២គ្រាប់ ផងដែរ។

បញ្ជាក់ថា វគ្គជម្រុះ “UEFA Champions League” មានទៅដល់ ៥ជុំ ទម្រាំអាចបានឡើដល់វគ្គចែកពូល ពោលគឺចាប់ផ្ដើមពីវគ្គជម្រុះបឋម (Preliminary round) បន្ទាប់មកជម្រុះជុំទី១ (First qualifying round) រួចបន្តទៅវគ្គជម្រុះជុំទី២ (Second qualifying round) ហើយចូលដល់វគ្គជម្រុះជុំទី៣ (Third qualifying round) និងចុងក្រោយ វគ្គជម្រុះជុំចុងក្រោយ (Play-off round)។

សម្រាប់ ក្លិប Neftci PFK ឈ្នះជើងឯកលីគកំពូលអាស៊ែបៃហ្សង់ លើកនេះគឺជាលើកទី១០ របស់គេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយក៏ជាក្រុមដែលឈ្នះច្រើនជាងគេផងដែរ។ នៅក្នុងពានរង្វាន់ “UEFA Champions League” Neftci PFK ធ្លាប់បង្ហាញខ្លួនបានម្ដងគត់ក្នុងវគ្គចែកពូល (Group Stage) កាលពីឆ្នាំ២០១២-២០១៣ ដែលពេលនោះគេរួមពូលជាមួយ rubin Kazan (រុស្ស៊ី) Inter Milan (អ៊ីតាលី) និង Patizan (ស៊ែប៊ី) ហើយបញ្ចប់ទៅដោយឈរនៅបាតតារាង។

សូមបញ្ជាក់ថា អាស៊ែបៃហ្សង់ បានក្លាយជាប្រទេសទី៨ ផ្សេងគ្នាដែល Honda លេងនៅលីគប្រទេសទាំងនោះ ដែលរួមមាននៅ ហូឡង់ (VVV-Venlo និង Vitesse), រុស្ស៊ី (CSKA Moscow), អ៊ីតាលី (AC Milan), ម៉ិកស៊ិក (Pachuca), អូស្ត្រាលី (Melbourne Victory) និងប្រេស៊ីល (Botafogo)។ ក្រោយចាកចេញពីក្លិបនេះទៅ លោក Keisuke Honda នឹងទំនេរដោយគ្មានក្លិប (Free Transfer) ដោយគេនៅត្រូវបន្តរង់ចាំមើលការសម្រេចចិត្តរបស់លោកបន្តទៀតផងដែរ៕

 

រូបភាព៖ Neftçi PFK

មតិយោបល់