អគ្គលេខាធិការ ស.ប.ក បញ្ជីឈ្មោះក្រុមជម្រើសជាតិ ត្រូវរង់ចាំមើលនាថ្ងៃទី២៦-២៧ ខាងមុខ

មាស សុផាណារ៉ុង May 20, 2021


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រៀមចូលរួមប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី (2023 AFC Asian Cup qualification) ដែលជាការត្រលប់មកដំណើរប្រកួតដែលនៅសេសសល់ ក្រោយលើកពេលជាច្រើនលើកច្រើនសារ នៅដើមខែមិថុនា ខាងមុខនេះ។

យ៉ាងណាមិញមកទល់ពេលនេះបញ្ជីឈ្មោះកីឡាករមិនទាន់ត្រូវបានបង្ហាញនៅឡើយ ត្បិតប្រទេសមួយចំនួន រួមទាំងក្រុមរួមពូលជាមួយកម្ពុជា ផងដែរនោះ បានបង្ហាញបញ្ជីឈ្មោះបណ្ដើៗផងដែរ ខណៈបញ្ហានេះ លោក​ កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបញ្ជាក់ឲ្យដឹងថា ត្រូវរង់ចាំមើលនាថ្ងៃទី២៦-២៧ ខាងមុខ។

និយាយនៅលើ ទំព័រផ្លូវការរបស់ “គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC” Cambodia SEA GAMES 2023 លោក កែវ សារ៉េត បានគូសបញ្ជាក់ប្រាប់ថា សម្រាប់ការជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេតនិងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែងគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។

លោកបញ្ជាក់ថា តាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិ អាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំមើលនាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ ដែលជាវិធីសាស្ត្ររបស់គ្រូបង្គោល ដើម្បីទុកពេលឲ្យកីឡាករបានខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាជាមុនសិន។ ប្រសិនបើកីឡាករណាដឹងថា ខ្លួនជាប់ជាកីឡាករជម្រើសជាតិ អាចបែរទៅជាទម្លាក់ការខិតខំ ក្នុងការប្រកួតលីគកំពូល ដែលកំពុងដំណើរឡើងវិញ។ “ខ្ញុំជឿជាក់ថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។”

បញ្ជាក់ថា ការត្រលប់មកវិញ ដែលជាការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួតដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺប្រទេសដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌគ្រប់គ្រាន់ជាងគេណាមួយក្នុងចំណោមប្រទេសដែលរួមពូលនីមួយៗ ឲ្យធ្វើជាម្ចាស់ផ្ទះ ជាក់ស្ដែង ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូលជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ ពោលគឺនៅមួយខែគត់ទៀត បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់