អាយអេសអាយ ដង្កោរសែនជ័យ នាំចូលកីឡាករមានបទពិសោធន៍លីគកំពូលច្រើនរូប មករួមក្រុម

មាស សុផាណារ៉ុង May 18, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អាយអេសអាយ ដង្កោរសែនជ័យ ដែលជាសមាជិកនៃពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) នាមួយរយៈចុងក្រោយនេះ បានធ្វើការនាំចូលកីឡាករមានបទពិសោធន៍លីគកំពូលជាច្រើនរូប មករួមក្រុម ដើម្បីជាការត្រៀមប្រកួតដណ្ដើមកៅអីមកលីគកំពូលជាលើកដំបូង។

គិតចាប់តាំងពីពាក់កណ្ដាលខែមេសា ក្លិបដែលមានមូលដ្ឋាននៅតាមបណ្ដោយផ្លូវវេងស្រេង មួយនេះ បានធ្វើការនាំចូលកីឡាករដែលធ្លាប់លេងឲ្យក្លិបនៅលីគកំពូលកម្ពុជា ចំនួន នាក់ហើយ រួមមាន កីឡាករ កូរណៃ អាន់សារី (អតីតកីឡាករក្លិបវេស្ទើនភ្នំពេញ សូលទីឡូអង្គរ), អ៊ុំ កុម្ភៈ (អតីតកីឡាករក្លិបទ័ព បឹងកេត អង្គរថាយហ្គឺរ), សុន សុវណ្ណរទ្ធី (អតីតកីឡាករក្លិបភ្នំពេញក្រោន បឹងកេត ណាហ្គាវើលដ៍), អៀង ទីន (អតីតកីឡាករក្លិបនគរបាលជាតិ), ស៊ាន ភ៊ីសារ (អតីតកីឡាករក្លិបភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង អគ្គិសនីកម្ពុជា), ប្រាក់ សុវណ្ណពិសិដ្ឋ (អតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង សូលទីឡូអង្គរ) និងកីឡាករ លី សារ័ត្ន (អតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង)។

ក្រៅពីនេះក្លិបក៏បាននាំចូលកីឡាករដែលមកពីក្រុមពាក់កណ្ដាលអាជីពផងដែរ មានកីឡាករ រដ្ធ វីរះ ដែលគេស្គាល់ថាជាកូនកាត់ខ្មែរបារាំង, កីឡាករ យ៉ា ម៉ាត់ និង កីឡាករ ច័ន្ទ ភារុំ។

ប្រាក់ សុវណ្ណពិសិដ្ឋ ក្នុងអំឡុងពេលចុះហត្ថលេខាជាមួយក្លិប

គួរដឹងដែរថា ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ បានបង្កើតមករយៈពេល ៤ឆ្នាំមកហើយ ដោយតែងតែប្រើប្រាស់ទីលាន KMH នេះផ្ទាល់ជាទឹកដីរបស់ខ្លួន ដែលជាទីលានស្មៅសិប្បន្មិមិត ហើយកសាងឡើងដោយ លោក កាំង សេង ​ម្ចាស់​ក្រុមហ៊ុន ​FUXIN ​​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ISI Group កាលពីរដូវកាលមុននៃលីគទី២ គេបញ្ចប់ទៅដោយឈរនៅលេខ៤ ក្រោយប្រកួតវគ្គវិលជុំសន្សំពិន្ទុ ក្រោយមកនៅនៅវគ្គ ៤ក្រុមចុងក្រោយ បន្តបានត្រឹមលេខ៤ ដដែលក្រោយទម្លាក់ដោយ U-21 ភ្នំពេញក្រោន ក្នុងវគ្គលេខ៣ ប៉ះលេខ៤។

និយាយអំពី លីគលំដាប់ទី២ កម្ពុជា វិញ មកទល់ពេលនេះពុំទាន់មានដំណឹងច្បាស់លាស់នៅឡើយអំពីការចាប់ផ្ដើមរដូវកាលថ្មី ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឲ្យបាល់ទាត់ក្នុងផ្អាករយៈពេលជាង ១ខែមកហើយ ខណៈក៏ធ្លាប់មានការលេចឭដំណឹងល្ហេចល្ហៀងមកថា អាចនឹងចាប់ផ្ដើមប្រកួតរដូវកាលថ្មី នៅអំឡុងខែឧសភា ឬមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែដោយយោងលើស្ថានភាពកូវីដ-១៩ លីគទី២ ទំនងជាមិនទាន់អាចចាប់ផ្ដើមបានក្នុងអំឡុងខែនេះ​ ឬខែក្រោយនោះទេ៕

ល្ហេចល្ហៀងមកថា លីគលំដាប់ទី២ កម្ពុជា គ្រោងដំណើរប្រកួតនៅខែឧសភា ខាងមុខនេះ

 

អត្ថបទ៖ ណារ៉ុង

រូបភាព៖ ISI Dangkor Senchey FC

មតិយោបល់