លោក Oleg កីឡាករកម្ពុជា ប្រកួតតិចជាងកីឡាករថៃ ឬវៀតណាម ២ដង នេះហើយជាមូលហេតុលីគគេទៅមុខលឿនជាង

មាស សុផាណារ៉ុង May 13, 2021


 

ភ្នំពេញ៖ លីគកំពូលនឹងត្រលប់មកវិញហើយនៅចុងសប្ដាហ៍នេះ ខណៈការត្រលប់មកវិញនេះផងដែរ គេឃើញក្នុងកម្មវិធីប្រកួតមានភាពចង្អៀតជាងមុន រហូតដល់ក្រុមខ្លះប្រកួតបានត្រឹមតែ ១ប្រកួតក្នុង ១ខែក៏មាន ដែលនេះហើយជាមូលហេតុនាំឲ្យ លោក Oleg Starynskyi គ្រូបង្វឹកនៃក្លិបភ្នំពេញក្រោន ហាក់ពុំសូវពេញចិត្តការសម្រេចនេះ។

លោក Oleg Starynskyi កីឡាករនោលីគកំពូលកម្ពុជា ប្រកួតតិចជាងកីឡាករនៅថៃ ឬវៀតណាម ដល់ទៅ ២ដង ដែលនេះហើយគឺជាមូលហេតុលីគរបស់គេទៅមុខលឿនជាង។ នេះបើយោងតាមសម្ដីរបស់បុរសសញ្ជាតិអ៊ុយក្រែន បង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះ។

និយាយនៅលើហ្វេសប៊ុកក្លិប លោក Oleg Starynskyi លើកឡើងដូច្នេះ៖ “យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ។ ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនា នេះ យើងនឹងក្រុមចំនួន ៥ទៀតលេងបានត្រឹមតែ ១ប្រកួត។”

“តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅខែមិថុនា។ នៅកម្ពុជា កីឡាករលេង ក្នុងប្រកួតដែលផ្លូវការ តិចងជាងគេ ២ដងបើធៀបទៅនឹងប្រទេសជិតខាង លីគវៀតណាម ឬលីគថៃ ដែលនេះហើយគឺជាមូលហេតុនាំឲ្យប្រទេសគេដើរទៅមុខលឿនជាងយើង។” លោក Oleg បានសង្គត់ធ្ងន់។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានបន្តទៀតថា៖ “ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន ៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន ប៉ុន្តែការចំនួនការប្រកួតគឺមិនគ្រប់គ្រាន់ទេ។ ពិតណាស់ កីឡាកររបស់យើងកាលពីរដូវកាលមុនបានលេងពី ១០០០នាទី ទៅ ១២០០នាទី ជាមធ្យម ស្របពេលដែលនៅវៀតណាម និងថៃ វិញ គេលេងបាន ១៨០០នាទី ទៅ ២៤០០នាទី។”

គួរបញ្ជាក់ថា ចាប់តាំងពីដើមរដូវកាល ភ្នំពេញក្រោន បានឈ្នះ ៣ប្រកួតជាប់ៗគ្នា ពោលឈ្នះ សូលទីឡូអង្គរ ១ទល់៧ ឈ្នះ គីរីវង់សុខសែនជ័យ ១ទល់២ និងឈ្នះ​បឹងកេត ១ទល់២ ឈរលេខ៣ នៃតារាងចំណាត់ថ្នាក់ជាបណ្ដោះអាសន្ន៕

មតិយោបល់