រឿងរ៉ាវ និងព័ត៌មានសំខាន់ៗ សម្រាប់អ្នកគាំទ្រ មុនលីគកំពូលកម្ពុជាត្រលប់មកវិញចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង May 12, 2021


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា​ នឹងត្រលប់មកវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ ខណៈមុនការប្រកួតមកដល់សារព័ត៌មាន camsports.org សូមធ្វើការរំឭក ក៏ដូចជាបង្ហាញរឿងរ៉ាវសំខាន់ខ្លះៗដើម្បីអ្នកគាំទ្រជ្រាបជាព័ត៌មានបន្ថែម។

ទិដ្ឋភាពទូទៅ៖

លីគកំពូលកម្ពុជា រដូវកាល២០២១ មានក្រុមចំនួន១៣ ចូលរួម ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងខេត្តព្រៃវែង និងបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែប្រកួតបានត្រឹមតែ ៥សប្ដាហ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកការប្រកួតជាបណ្ដោះអាសន្ន ដោយសារការរីករាលដាល និងដើម្បីទប់ស្កាត់ជំងឺកូវី-១៩ ដែលបាននឹងកំពុងកើតមានសម្ទុះខ្លាំងនៅកម្ពុជា ពិសេសរាជធានីភ្នំពេញ។

ជាមួយគ្នាផងដែរក្នុងអំឡុងពេល ៥សប្ដាហ៍នៃការប្រកួតលីគនេះ ក៏មានប្រកួតមួយចំនួនធំត្រូវបានលើកពេលផងដែរ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបង្ករឲ្យមានផលប៉ះពាល់ខ្លះៗរួចទៅហើយ ដែលធ្វើឲ្យក្រុមខ្លះទើបប្រកួតបាន ១ប្រកួត ក្រុមខ្លះៗទៀតប្រកួតបាន ២ ឬ៣ ប្រកួត និងច្រើនបំផុត ៤ប្រកួតប៉ុណ្ណោះ។

យ៉ាងណាមិញបន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា អាចនិយាយបានថាគ្រប់គ្រងបានក្នុងកម្រិតសុវត្ថិភាពទៅតាមតំបន់ (ក្រហម លឿងទុំ និងលឿង) សម្រាប់ការប្រកួតបាល់ទាត់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្រោយមកបានសម្រេចយកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ជាការបន្តការប្រកួតលីគឡើងវិញ ចាប់ពីសប្ដាហ៍ទី៦ និងពុំអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាឡើយ ដូចដែលបានធ្វើកាលពីឆ្នាំកន្លងទៅ។

កំណត់ត្រានានា៖

  • មុនលីគត្រូវបានផ្អាក តារាងចំណាត់ថ្នាក់ដែលប្រកួតបាន ៥សប្ដាហ៍គឺបានរក្សាដោយ អង្គរថាយហ្គឹរ នៅកំពូលតារាង ខណៈព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន បានប្រមូលពិន្ទុដើម្បីឈរនៅចំណាត់ថ្នាក់បន្ទាប់រួមគ្នា ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញ។
  • មានក្រុមចំនួន ៤នៅមិនទាន់ស្គាល់ពាក្យថាចាញ់ ពោលគឺ អង្គរថាយហ្គឹរ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងវិសាខា
  • មានក្លិប ៣ដែលរកមិនបានសូម្បីតែ ១ពិន្ទុនៅឡើយ ពីការប្រកួតកន្លងមក ពោលគឺ បឹងកេត, នគរបាលជាតិ និង​សូលទីឡូអង្គរ

  • កីឡាករ Miguel Angel (ព្រះខ័នរាជស្វាយរៀង) កំពុងឈរជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគ ពោលគឺ ៦គ្រាប់ និងតាមពីក្រោយដោយ Abee Hubert (អាស៊ីអ៊ឺរ៉ុបយូណាយធីត) ៥គ្រាប់, Rosa Tardin (គីរីវង់) និង Privat Mbarga (ព្រះខ័នរាជស្វាយរៀង) ម្នាក់ ៣គ្រាប់ និងកីឡាករផ្សេងៗទៀតដូចតារាងខាងក្រោម៖

  • អ្នកចាំទីរក្សាសំណាញ់ទីមិនរបូតគ្រាប់បាល់ច្រើនជាងគេ (Clean-Sheet) នៅដើមរដូវកាលនេះហាក់ប្លែកជាងឆ្នាំមុន ដោយមានអ្នកចាំទីដល់ទៅ ៧នាក់ធ្វើបានតែ ១ម្ដងដូចគ្នា ក្នុងនោះរួមមាន សំរឹទ្ធ សីហា (ណាហ្គាវើលដ៍), កែវ សុខសិលា (វិសាខា), ពេជ្រ ដារា (ទ័ព), ជា វណ្ណសាក់ (អង្គរថាយហ្គឺរ), គង់ រ៉ាហ្វាត (ទ័ព), គង់ ចាន់វុទ្ធី (គីរីវង់សុខសែនជ័យ), យី ប៊ុនហេង (អង្គរថាយហ្គឺរ)។

លក្ខខណ្ឌខ្លះៗ និងថ្មី៖

យោងតាមការបញ្ជាក់ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) លីគឆ្នាំនេះមិនទាន់មានគម្រោងប្រកួត បែងចែកផ្សេងគ្នាក្រោយចប់ជុំទី១ ដូចកាលពីឆ្នាំ២០២០ នោះទេ (កាលពីឆ្នាំ២០២០ ចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ ក្រោយប្រកួតចប់ជុំទី១ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣ ដោយប៉ះតែក្នុងរង្វង់ក្រុម Top 6 ប៉ុណ្ណោះ បានសេចក្ដីថាបើប្រកួតជើងទី១ ធ្វើនៅទឹកដីក្រុមណារួចហើយ ជើងទី២ ត្រូវប្ដូរទៅទឹកដីក្រុមដែលជាគូប្រកួតវិញម្ដង ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ត្រូវប្រកួតគ្នាជាធម្មតា ដើម្បីគេចពីការកាត់ទៅលីគទី២) ខណៈគេក៏នៅរង់ចាំមើលដោយផ្អែកលើស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកផងដែរ។

ការផ្លាស់ប្ដូរកីឡាករក្នុងការប្រកួត ក៏រក្សាដូចរដូវកាលមុនផងដែរ គឺ ៥នាក់ តែធ្វើឡើងបានតែ ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត បានសេចក្ដីថា មិនអាចប្ដូរម្ដងតែកីឡាករម្នាក់ ម្ដងតែកីឡាករម្នាក់ ចំនួន ៥លើកផ្សេងៗគ្នានោះទេ ខណៈពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ ហាក់ប្លែកបន្តិចដោយសារឆ្នាំនេះ ផ្លាស់ប្ដូរក្នុងអំឡុងជុំទី១ ពោលគឺក្រោយចប់សប្ដាហ៍ទី៩ អាចធ្វើការផ្លាស់ប្ដូរ ៥នាក់ដែលក្នុងនោះមានកម្ពុជា ៣នាក់ និងបរទេស ២នាក់ ដំណើរការពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ប្រាក់រង្វាន់សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា៖

ចំពោះប្រាក់រង្វាន់សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ចាប់ពីរដូវកាល២០២១ គឺនៅរក្សាដដែលដូចឆ្នាំមុន ដែលមានដូចខាងក្រោម៖

  • ប្រាក់រង្វាន់ក្រុមជើងឯក (១៥០លានរៀល)
  • ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)
  • ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥០លានរៀល)
  • ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៤ (៤០លានរៀល)
  • ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៨លានរៀល)
  • ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)
  • ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)
  • ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

ប្រព័ន្ធផ្សព្វផ្សាយ៖

បើទោះបីជាការប្រកួតពុំត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ ប៉ុន្តែការប្រកួតនឹងការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធ ២ផ្សេងគ្នា រួមមានទូរទស្សន៍ និង ហ្វេសប៊ុកផេក។

លោកអ្នកអាចតាមដានទស្សនាតាមរយៈស្ថានីយទូរទស្សន៍ BTV News, ទូរទស្សន៍ជាតិកម្ពុជា (ទទក), នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា «គ ប្រ ប ជ ក – CNCC», ហ្វេសប៊ុកផេកកម្ពុជាថ្មី (Kampuchea Thmey Daily) និងហ្វេសប៊ុកផេក AMS Sports។

ក្រៅពីនេះ លោកអ្នកក៏អាចតាមដានតាមបណ្ដាញសង្គមហ្វេសប៊ុក «CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា» លីគកំពូលកម្ពុជា «Metfone Cambodian League» និងជាពិសេសគេហទំព័រ cncc-football.com ដែលលម្អិតនូវព័ត៌មាននានា ជាពិសេសស្ថិតិនៃការប្រកួតនីមួយៗផងដែរ។

ចំណែកវិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត មានដូចជា៖

  • ព័ត៌មានអំពី ជំងឺកូវីដ១៩
  • ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
  • វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
  • វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ១៩
  • វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
  • វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
  • វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
  • វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ

ក្នុងនោះក៏មានគោលការណ៍ណែនាំ ដែលបន្ថែមលើវិធានណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ-១៩ និងសេចក្ដីណែនាំស្ដិពីវិធានបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដូចខាងក្រោមផងដែរ។

កម្មវិធីប្រកួត៖

ការប្រកួតនឹងបន្តពីសប្ដាហ៍ទី៦ ប៉ុន្តែសប្ដាហ៍នេះ គឺជាការប្រកួតបង្រ្គប់សប្ដាហ៍ទី២ ដែលខាកខានប្រកួតដោយសារការទប់ស្កាត់ការរីករាលដាលកូវី-១៩ ត្រូវប្រកួតកាលពីចុងខែមីនា នឹងមាន ៤គូផងដែរ ចាប់ផ្ដើមដោយថ្ងៃសៅរ៍មាន ២គូ និងថ្ងៃអាទិត្យមាន ២គូ។

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់