ជម្រើសជាតិកម្ពុជា ចេញទៅបារ៉ែន ១សប្ដាហ៍មុនបន្តការប្រកួតជម្រុះ World Cup នៅទីនោះ

មាស សុផាណារ៉ុង May 11, 2021


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាកចេញពីមាតុប្រទេស ទៅកាន់ប្រទេសបារ៉ែន ៧ថ្ងៃមុនបន្តការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដែលជាការត្រលប់មកដំណើរប្រកួតដែលនៅសេសសល់ ក្រោយលើកពេលជាច្រើនលើកច្រើនសារ។

យោងតាមប្រភពសុំមិនបង្ហើបឈ្មោះបានឲ្យដឹងថា សមាសភាពក្រុមទាំងមូលនឹងចាកចេញ ពីទឹកដីកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែពុំបានបញ្ជាក់ពីជើងហោះហើរឡើយ។ បែបនេះគឺបានសេចក្ដីថាជម្រើសជាតិកម្ពុជា នឹងមានពេលវេលាបន្សាំ ក៏ដូចជាហ្វឹកហាត់នៅប្រទេសបារ៉ែន ចំនួន ៧ថ្ងៃមុនការប្រកួតមកដល់ ដែលប្រកួតដំបូងរបស់ កម្ពុជា គឺធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា។

ការត្រលប់មកវិញ ដែលជាការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួតដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺប្រទេសដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌគ្រប់គ្រាន់ជាងគេណាមួយក្នុងចំណោមប្រទេសដែលរួមពូលនីមួយៗ ឲ្យធ្វើជាម្ចាស់ផ្ទះ ជាក់ស្ដែង ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូលជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ដូច្នេះក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ ពោលគឺនៅមួយខែគត់ទៀត បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់