ឪពុករបស់ Loic Chan មោទកភាពចំពោះកូនប្រុស ដែលចូលរួមជាមួយយុវជនថ្នាលក្លិបអេស៉្បាញ RCD Mallorca

មាស សុផាណារ៉ុង May 11, 2021


 

បារាំង៖ កាលពីពេលថ្មីៗនេះ ឪពុករបស់កីឡាករកូនកាត់ខ្មែរបារាំង យុវជន Loïc Chan លោក Maurice Chan បានបង្ហើបឲ្យដឹងពីបច្ចុប្បន្នភាពរបស់កូនប្រុស ដែលកំពុងលេងឲ្យក្រុមយុវជនថ្នាលយុវជន ក្លិបរបស់អេស៉្បាញ RCD Mallorca បន្ទាប់ពីសម្រេចការផ្ទេរទៅចូលរួមជាផ្លូវការ ក្រោយទន្ទឹងរង់ចាំដំណឹងនៃការផ្ទេរទៅចូលរួមតាំងពីខែមេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ បានរារាំងអ្វីៗទាំងអស់នៅពេលនោះ ខណៈលោកក៏បានសម្ដែងនូវមោទកភាពចំពោះកូនប្រុស និងជាមួយការព្រួយបារម្ភខ្លះៗផងដែរ។

លោក Maurice Chan (មានសញ្ជាតិខ្មែរតាំងពីកំណើត ប៉ុន្តែផ្លាស់ទៅរស់នៅប្រទេសបារាំងតាំងពីនៅជាទារកជាមួយឪពុកម្ដាយ [ខ្មែរទាំង២] ដោយសារសង្គ្រាម តាំងពីឆ្នាំ១៩៧៥) និងមានម្ដាយ ជាជនជាតិបារាំង ដូច្នេះកូនប្រុសក៏មានឈាមជ័រជាខ្មែរផងដែរ ដ្បិតមានម្ដាយជាជនជាតិបារាំង និងកើតនៅប្រទេសបារាំងក៏ដោយ។

យ៉ាងណាមិញ ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org អំពីស្ថានភាពកូនប្រុស បុរសវ័យ ៤៥ឆ្នាំរូបនេះ បានលើកឡើងដូច្នេះថា៖ “ខ្ញុំពិតជាមានមោទកភាពណាស់ តែក៏ព្រួយបារម្ភក្នុងនាមជាឪពុកម្តាយ ដែលត្រូវទុកគាត់ចោលនៅប្រទេសផ្សេង។ គាត់ត្រូវរៀនភាសាថ្មី ទៅសាលារៀនភាសាអេស្ប៉ាញ។ វាពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់នៅពេលដំបូងៗ ប៉ុន្តែពេលនេះគាត់បានសម្របខ្លួនជាមួយក្រុមគាត់ហើយ ហើយថែមទាំងនិយាយភាសាអេស្ប៉ាញបានល្អថែមទៀត។”

“ការចូលរួមជាមួយក្រុមកម្រិតអាជីពបែបនេះ មានន័យថាជាការលះបង់ធំធេងណាស់សម្រាប់ពួកយើង ព្រោះគាត់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែនេះគឺជាជំហានមួយទៀតសម្រាប់គេដើម្បីសំរេចក្តីសុបិន្តរបស់ខ្លួន។ ការខំប្រឹងប្រែង តែងតែទទួលបានផលមកវិញ ហើយ Loïc អាចជាគំរូដ៏ល្អមួយសម្រាប់រឿងនេះ។” សម្ដី លោក Maurice Chan។

នៅពេលដែលចោទសួរថា តើលោកដាក់ក្ដីរំពឹងបែបណាចំពោះកូនប្រុសនាពេលអនាគត? លោក Maurice Chan បានឆ្លើយតបថា៖ “មិនរំពឹងអ្វីច្រើនឡើយ អ្វីដែលសំខាន់បំផុតនោះគឺ Loïc នៅតែរីករាយជាមួយបាល់ទាត់ ហើយគាត់មានអារម្មណ៍ល្អជាមួយក្លិបរបស់គាត់។”

សូមរំឭកជាថ្មីថា Loïc Chan មានតួនាទីជាខ្សែបម្រើ បានចាប់ផ្ដើមលេងបាល់តាំងពីអាយុ ៥ឆ្នាំ នៅក្នុងតំបន់ Castelnaudary នាប្រទេសបារាំង ជាទីដែលរូបគេរស់នៅទីនោះរយៈពេល ៤ឆ្នាំ បន្ទាប់មកបានចូលរួមជាមួយ Revel។ រូបគេបានលេងឲ្យ Balma SC U-15 Elite រយៈពេល ៣ឆ្នាំមកហើយ ជាក្លិបមួយដែលធំ និងខ្លាំងផងដែរនៅក្នុងតំបន់នោះ។

Loïc Chan ធ្លាប់ជាផ្នែកមួយនៃក្រុមប្រចាំតំបន់ (Occitanie) ភាគខាងត្បូងប្រទេសបារាំង រយៈពេល ២ឆ្នាំ បន្ទាប់ពីជ្រើសរើសក្នុងចំណោមយុវជនប្រមាន ៣,០០០នាក់ ហើយ Loïc Chan បានជាប់ជម្រើសយុវជនប្រចាំតំបន់ Occitanie ក្នុងចំណោមយុវជន ១៧នាក់ដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតតំណាងតំបន់ រហូតទទួលការចាប់អារម្មណ៍ពីក្លិបមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស ​រហូតដល់ចេញជាផ្លែផ្កាដូចបច្ចុប្បន្ននេះ។

ចំពោះ លោក Maurice Chan ក៏ត្រូវបានគេស្គាល់ថាជាតារា​សម្ដែង ​​ដែល​ធ្លាប់​សម្ដែង​ជាមួយ​​តារា​ក្បាច់​គុន​ចិន​ដ៏​ល្បីល្បាញ​​ លី លានជា (Jet Li) និងជា​តួ​​វាយតប់​ ​(Stunt) ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់ ថែមទាំងធ្លាប់សម្ដែងក្នុងខ្សែភាពយន្ដហូលីវូដ ជាច្រើនរឿង ថែមទៀតផង៕

មតិយោបល់