ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ត្រូវបានរឹបអូសប្រគល់ឱ្យក្រុមហ៊ុនឯកជនមួយ ដោយសារបំណុល

មាស សុផាណារ៉ុង May 6, 2021


 

អ៊ីរ៉ង់៖ សហព័ន្ធកីឡាបាល់ទាត់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) និងក្លិបបាល់ទាត់ Persepolis បានបាត់បង់អាគារទីស្នាកការរបស់ពួកគេ នៅក្នុងទីក្រុងតេហេរ៉ង់ ដោយសារតែការបរាជ័យរបស់ FFIR ក្នុងការដោះបំណុលទាក់ទងនឹងកិច្ចសន្យាជាមួយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Marc Wilmots។

គ្រូបង្វឹកបែលហ្ស៊ិករូបនេះត្រូវបានតែងតាំងនៅខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំជម្រើសជាតិអ៊ីរ៉ង់ ក្នុងការស្វែងរកឱកាសបង្ហាញខ្លួននៅពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) លើកទី៦ ប៉ុន្តែបានចាកចេញពីតួនាទីរបស់ខ្លួនបន្ទាប់ពីទើបតែដឹកនាំបានចំនួន ៦ប្រកួត ហើយលោកហៅថាវាជាការរំលោភកិច្ចសន្យាធ្ងន់ធ្ងរ ដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់។

នៅខែវិច្ឆិកា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ដែលដឹកនាំដោយអតីតប្រធាន លោក Mehdi Taj បានសំរេចចិត្តខ្ចីប្រាក់ ២លានអឺរ៉ូ ពីក្រុមហ៊ុនវិនិយោគសន្តិសុខ សង្គម របស់អ៊ីរ៉ង់ (SSIC)  សហព័ន្ធបានខ្ចីប្រាក់ ដើម្បីបង់មួយផ្នែកនៃប្រាក់ឈ្នួលរបស់ លោក Wilmot នៅពេលនោះ។

អតីតគ្រូអ៊ីរ៉ង់ លោក Marc Wilmots

នៅខែធ្នូ ឆ្នាំ២០២០ SSIC បានស្នើសុំប្រាក់ត្រលប់មកវិញ។ ដោយសារ FFIRI មិនអាចសងបំណុលបាន SSIC បានចាត់វិធានការចាំបាច់ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់សហព័ន្ធ រួមទាំងអាគាររបស់សហព័ន្ធ និងអាគាររបស់ក្លិប Persepolis ដែលមានឯកសារស្របច្បាប់ ក្នុងនាមសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់។

ដំបូងឡើយ FFIRI បានបដិសេធការកាន់កាប់ទីតាំងដែលជាកម្មសិទ្ធិរបស់ខ្លួននៅតំបន់ភាគខាងជើង នៃទីក្រុង Tehran នាពេលនោះ។ យ៉ាងណាមិញ នៅថ្ងៃអង្គារនេះប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ឯកសារកម្មសិទ្ធិនៃអគាររបស់ FFIR និងពាក់កណ្តាលនៃអាគារក្លិប Persepolis ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន SSIC។

ប្រធានសហព័ន្ធដែលទើបជាប់ឆ្នោតថ្មីបានបញ្ជាក់ពីបញ្ហានេះកាលពីថ្ងៃពុធ។ ពួកគេបានរិះគន់មន្រ្តី SSIC ចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់ FFIR សម្រាប់បំណុលដែលអតីតមន្រ្តីសហព័ន្ធ ជាអ្នកផ្ដើមឡើង។

លោក Ebrahim Shakouri នាយកប្រតិបត្តិនៃក្លិបបាល់ទាត់ដែលជោគជ័យជាងគេនៅអ៊ីរ៉ង់ (Persepolis) ក៏បានជំទាស់នឹងបញ្ហានេះដែរនៅក្នុងសន្និសីទសារព័ត៌មាន។

“យើងមានសំណួរដែលត្រូវចោទសួរទៅកាន់ FFIRI និង SSIC ទាក់ទងនឹងបញ្ហានេះ។ ប៉ុន្តែអ្វីដែលប្រាកដនោះគឺថាយើងការពារសិទ្ធិរបស់ក្លិប Persepolis និងអ្នកគាំទ្ររាប់លាននាក់។ អគារនេះជាកម្មសិទ្ធិរបស់ក្លិប Persepolis ហើយយើងមិនទាន់ទទួលបានលិខិត ណាមួយទាក់ទងនឹងការផ្លាស់ប្តូរកម្មសិទ្ធិនៃអគាររបស់ក្លិបនៅឡើយទេ។”

“បំណុលរបស់សហព័ន្ធកីឡាបាល់ទាត់ ជាមួយក្រុមហ៊ុន SSIC គឺមិនមានអ្វីដែលត្រូវធ្វើជាមួយក្លិប Persepolis នោះទេ ហើយយើងក៏មិនគួរទទួលរងនូវការបាត់បង់ផ្នែកណាមួយនៃទីស្នាក់ការរបស់យើងដែរនៅក្នុងបញ្ហានេះ។” សម្ដី លោក Ebrahim Shakouri៕

 

ប្រភព៖ tehrantimes

មតិយោបល់