សិង្ហបុរី បើកឲ្យទស្សនិកជនចូលទស្សនាលីគ តែត្រូវតេស្តកូវីដ ​បញ្ជាក់ថាអវិជ្ជមាន ឬបានចាក់វ៉ាក់សាំង​រួចរាល់

មាស សុផាណារ៉ុង April 13, 2021


 

សិង្ហបុរី៖ លីគកំពូលសិង្ហបុរី សម្រេចអនុញ្ញាតិឲ្យទស្សនិកជនចូលទស្សនាលីគវិញហើយ ចំនួន ២៥០នាក់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រោយលីគចាប់ដំណើរការបាន ៦សប្ដាហ៍រួចមក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ការបើកឲ្យទស្សនិកជនចូលទស្សនានេះ គឺតម្រូវឲ្យអ្នកគាំទ្រដាច់ខាតត្រូវបំពេញលក្ខខណ្ឌ១ ក្នុងចំណោមលក្ខខណ្ឌ៣ ទើបអាចឲ្យចូលទស្សនាបាន ពោលគឺ ត្រូវតែមានលិខិតបញ្ជាក់តេស្តអវិជ្ជមានជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ ឬមានលិខិតបញ្ជាក់តេស្តអវិជ្ជមានជំងឺកូវីដ-១៩ ២៤ម៉ោង មុនចូលទីលាន ឬជម្រើស ១ទៀត ត្រូវតែបានទទួលការចាកវ៉ាក់សាំង គ្រប់​ចំនួន ២ដូស យ៉ាងហោចណាស់ ២សប្ដាហ៍មុនការប្រកួតមកដល់។

អ្នកគាំទ្រដែលចូលទស្សនានឹងត្រូវរក្សាគម្លាតសុវត្ថិភាព ពួកគេត្រូវបានគេណែនាំមិនឲ្យយកកាបូប ក៏ដូចជារបស់របរហាមឃាត់ នៅពេលចូលទស្សនាការប្រកួតឡើយ។

FAS បាននិយាយថា ចាប់ពីថ្ងៃទី២៤ ខែមេសាតទៅអ្នកគាំទ្ររហូតដល់ ២៥០នាក់នឹងត្រូវបានអនុញ្ញាតឲ្យចូលទៅកន្លែងប្រកួតដោយមិនចាំបាច់តេស្តណាមួយដូចដែលយោងតាមគោលការណ៍ណែនាំខាងលើ។

យោងតាមគោលការណ៍ព្រឹត្តិការណ៍កីឡាដែលកំពុងត្រូវបានសាកល្បង និងអនុម័តដោយ SportSG នឹងត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនារហូតដល់ ៧៥០នាក់ ប្រសិនបើពួកគេអនុវត្តការសាកល្បងនេះជោគជ័យ ឬមានអ្នកទស្សនារហូតដល់ ២៥០នាក់ដោយមិនចាំបាច់ធ្វើតេស្ត៕

មតិយោបល់