ពានរង្វាន់បាល់ទាត់ផ្លូវការក្នុងស្រុក ទាំងបុរស-នារី ត្រលប់មកវិញនៅចុងសប្ដាហ៍ក្រោយ

មាស សុផាណារ៉ុង November 20, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ផ្លូវការ ក្នុងស្រុកចំនួន ៥ផ្សេងៗគ្នា នឹងត្រលប់មកធ្វើការជាធម្មតាវិញនៅចុងសប្ដាហ៍ក្រោយ បន្ទាប់ពីត្រូវបានសម្រេចផ្អាកទាំងអស់កាលពី ២សប្ដាហ៍មុន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា។

ពានរង្វាន់ផ្លូវការទាំង ៥នោះរួមមាន លីគលំដាប់ទី២ កម្ពុជា, ពានរង្វាន់លីគបាល់ទាត់នារី, ពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះ ៤ ពានរង្វាន់មកវិញនៅសប្ដាហ៍ក្រោយ និង ១ទៀតរំលងក្រោយ ១សប្ដាហ៍។

៤ ពានរង្វាន់មកវិញនៅសប្ដាហ៍ក្រោយ រួមមាន លីគលំដាប់ទី២ កម្ពុជា (ថ្ងៃទី២៨ វិច្ឆិកា ២០២០), ពានរង្វាន់លីគបាល់ទាត់នារី (ថ្ងៃទី២៩ វិច្ឆិកា ២០២០), ពានរង្វាន់បាល់ទាត់ក្នុងសាល (ថ្ងៃទី២៨ និង២៩ វិច្ឆិកា ២០២០) និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ (ថ្ងៃទី២៩ វិច្ឆិកា ២០២០) ខណៈយុវជនអាយុក្រោម ១៨ឆ្នាំ គឺចាប់ផ្ដើមឡើងវិញនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

សូមរំឭកថា គិតមមកទល់ពេលនេះពានរង្វាន់លីគបាល់ទាត់នារី បានដំណើរការប្រកួតបាន ៦សប្ដាហ៍រួចមកហើយ ខណៈលីគលំដាប់ទី២ កម្ពុជា ប្រកួតបាន ៥សប្ដាហ៍ ដោយឡែកពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ គឺទើបតែចាប់ផ្ដើមដំណើរការប្រកួតបាន ១សប្ដាហ៍ប៉ុណ្ណោះ គ្រាដែលពានយុវជនអាយុក្រោម ១៥ឆ្នាំ មិនទាន់ដំណើរការប្រកួតនៅឡើយ៕

 

រូបភាព៖ Phnom Penh Crown Women’s Team

មតិយោបល់