រំឭកសមិទ្ធផល ៣លើកកន្លងមករបស់ U-19 កម្ពុជា ដែលធ្លាប់ប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship

មាស សុផាណារ៉ុង April 2, 2020


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ។

U-19 កម្ពុជា បានឡើងទៅប្រកួតជុំផ្ដាច់ពាន​រង្វាន់ខាងលើ បន្ទាប់ពីឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G និងត្រូវបានយកទៅប្រៀបធៀបជាមួយ ៦ក្រុមផ្សេងទៀត ហើយមានលទ្ធផលល្អជាង អាចមានឱកាសឡើងទៅជុំបន្ត ក្រោយកម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ។

យ៉ាងណាមិញដ្បិតបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ ក៏នេះមិនមែនជាលើកទី១ សម្រាប់ U-19 កម្ពុជា នោះឡើយ ខណៈមុននេះក្រុមគោព្រៃជំទង់​ ក៏ធ្លាប់បង្ហាញខ្លួនបាន ៣ដងផងដែរក្នុងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ពោលគឺលើកដំបូង នៅឆ្នាំ១៩៦៣, លើកទី២​ នៅឆ្នាំ១៩៧២ និងលើកទី៣ នៅឆ្នាំ១៩៧៤ ហើយគេហៅពានរង្វាន់នេះពានយុវជនអាស៊ី «AFC Youth Championship»។

  • ឆ្នាំ១៩៦៣៖

ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦៣ ព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ី លើកទី៥ បានចាប់ផ្ដើមនៅរដ្ឋ ​Pahang ប្រទេសម៉ាឡេស៊ី។

វាគឺឆ្នាំដំបូង ដែល U-19 កម្ពុជា​ បានចូលរួមព្រឹត្តិការណ៍នេះ ខណៈកាលគ្រានោះមិនមានការប្រកួតក្នុងវគ្គជម្រុះឡើយដោយកម្ពុជា បានចូលរួមប្រកួតតែម្ដងនៅជុំផ្ដាច់ព្រ័ត្រ មានប្រទេសចំនួន ១២ចូលរួម ដូចជាម្ចាស់ផ្ទះម៉ាឡេស៊ី, ភូមា (មីយ៉ាន់ម៉ា), កម្ពុជា, ស្រីលង្ការ, ហុងកុង, ឥណ្ឌា, ជប៉ុន, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និងវៀតណាមខាងត្បូង ហើយបែងចែកចេញជា ២ពូល ក្នុងមួយពូលមាន ៦ក្រុម។

ក្នុងឆ្នាំដំបូងនោះផងដែរ កម្ពុជា​ ស្ថិតនៅពូល A ជាមួយ ម៉ាឡេស៊ី, ថៃ, ភូមា, ឥណ្ឌា និងហ្វីលីពីន ហើយជាលទ្ធផលបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត​ ៥ដង ឈ្នះ ២ដង មិនដែលស្មើ និងចាញ់ ៣ដង រកបាន ៤ពិន្ទុ (កាលនោះបាល់ទាត់ គេគិតពិន្ទុ ឈ្នះបាន ២ពិន្ទុ ស្មើបាន ១ពិន្ទុ និងចាញ់ បាន​០ពិន្ទុ)។

ឆ្នាំនោះជើងឯកគឺបានរួម រវាងភូមា ជាមួយ កូរ៉េខាងត្បូង បន្ទាប់ពីស្មើគ្នា ២ទល់២ នៅវគ្គផ្ដាច់ព្រ័ត្រ។

  • ឆ្នាំ១៩៧២៖

ចូលដល់ឆ្នាំ១៩៧២ គឺជាការប្រកួតលើកទី១៤ នៃពានរង្វាន់ដដែលនេះ ដោយបានថ្វើនៅទីក្រុង Bangkok ប្រទេសថៃ និងមានប្រទេសដល់ទៅ ១៧ចូលរួម មានដូចជាព្រុយណេ, ភូមា, ហុងកុង, ឥណ្ឌា, ឥណ្ឌូនេស៊ី. អ៊ីរ៉ង់, អ៊ីស្រាអែល, ជប៉ុន, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, តៃវ៉ាន់ និងម្ចាស់ផ្ទះថៃ ហើយត្រូវបានបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម លើកលែងតែពូល B មាន៥ក្រុម។

ឆ្នាំ១៩៧២ នេះ កម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយភូមា, ឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ ហើយជាលទ្ធផលបញ្ចប់ទៅដោយឈរនៅលេខ៤ ក្រោយប្រកួត ៣ដង មិនដែលឈ្នះ ស្មើ១ និងចាញ់២ មាន ១ពិន្ទុគត់។

ជើងឯកនៅឆ្នាំនោះគឺបានទៅលើ កូរ៉េខាងត្បូង ក្រោយពីបានយកឈ្នះ អ៊ីស្រាអែល (កាលនោះចូលរួមប្រកួតជាមួយពានរង្វាន់នៅទ្វីបអាស៊ី) ដោយលទ្ធផល ១ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ។

  • ឆ្នាំ១៩៧៤៖

សម្រាប់ឆ្នាំ១៩៧៤ គឺត្រូវបានចាត់ទុកថាជាឆ្នាំចុងក្រោយគេបង្អស់ដែល កម្ពុជា បានចូលរួមពានរង្វាន់នេះ ដែលបានធ្វើនៅប្រទេសថៃ ជាថ្មីម្ដងទៀត មានក្រុមចំនួន ១៦ចូលរួមប្រកួត ដូចជាអ៊ីរ៉ង់,​ សិង្ហបុរី, វៀតណាមខាងត្បូង, ហ្វីលីពីន, ឥណ្ឌា,​ ហុងកុង, ភូមា, ឡាវ, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, កម្ពុជា, នេប៉ាល់, ថៃ, ជប៉ុន, តៃវ៉ាន់ និងព្រុយណេ។

សរុបជាលទ្ធផល កម្ពុជា​ ដែលស្ថិតនៅពូល C បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ២ពិន្ទុ ខណៈម្ចាស់ជើងឯកគឺបានរួមគ្នា រវាងឥណ្ឌា ជាមួយអ៊ីរ៉ង់។

ដោយឡែកសម្រាប់ឆ្នាំ២០២០ ខាងមុខនេះវិញ ដែលជាលើកទី៤ សម្រាប់កម្ពុជា គឺនឹងត្រូវទៅចូលរួមការប្រកួតនៅប្រទេសអ៊ូបីគីស្ថាន ជាមួយក្រុមចំនួន ១៥ផ្សេងទៀតរួមមានម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, យេមែន និងក្រុមចុងក្រោយ អ៊ីរ៉ាក់។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ គឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយ។

យ៉ាងណាមិញពានរង្វាន់នេះ អាចនឹងមានការកែប្រែកម្មវិធីប្រកួតប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ (COVID-19) នៅតែបន្តមានឥទ្ធិពលនៃការរីករាលដាលដល់ពេលនោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់