Manny Pacquiao នឹងប្រកួតជាមួយជើងខ្លាំង Errol Spence Jr នៅខែក្រោយ

មាស សុផាណារ៉ុង May 22, 2021


 

ហ្វីលីពីន៖ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងត្រូវជួបជាមួយជើងខ្លាំង Errol Spence Jr នាថ្ងៃទី២១ ខែមិថុនា ខាងមុខដែលតាមការគ្រោងទុកនឹងធ្វើឡើងនៅសង្វៀននៃសណ្ឋាគារ MGM Grand នាទីក្រុងឡាសវេហ្កាសសហរដ្ឋអាម៉រិក ប៉ុន្តែ Pacquiao រំពឹងថានឹងប្តូរទៅប្រកួតនៅកីឡដ្ឋាន Allegiant Stadium វិញដែលអាចផ្ទុកទស្សនិកជនរហូតដល់ ៧០.០០០នាក់។

សូមបញ្ជក់ថា កីឡាករ Spence មានវ័យ ៣១ឆ្នាំ និងកំពុងគ្រប់គ្រងខ្សែក្រវាត់ WBC និង IBF welterweight ជាមួយនឹងប្រវត្តិប្រកួត ២៧ដង មិនធ្លាប់ចាញ់ ហើយផ្តួលគូប្រកួតដោយសន្លប់ចំនួន ២១លើក។ ចំណែក Pacquiao ដែលមានវ័យ៤២ឆ្នាំ មានប្រវត្តិប្រកួត ៧១លើក ឈ្នះ ៦២ដង ចាញ់ ៧ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់ ៣៩លើក ព្រមទាំងធ្លាប់ជាជើងឯកពិភពលោក ៨ក្របខណ្ឌផងដែរ។

Manny Pacquiao ដែលជាអ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងនោះ បានលើកឡើងថា​លោករីករាយក្នុងការប្រកួតប្រជែងជាមួយអ្នកខ្លាំងៗ ខណៈដែលអ្នកគ្រប់គ្រងរបស់លោកបានបន្ថែមថា Pacquiao គឺជាអ្នកប្រយុទ្ធម្នាក់ដ៏ពិតប្រាកដហើយតែងតែព្យាយាមរក្សាឧត្តមភាពរបស់ខ្លួនដោយមិនធ្វើរឿងឆោតល្ងង់ដូចជាទៅប្រកួតជាមួយ YouTubers ឬក្រុមមនុស្សដែលលេចមុខមាត់នៅតាមបណ្តាញសង្គមដូចជា Floyd Mayweather នោះទេ។

នេះជាការចំអកមួយខណៈដែលអតីតគូប្រជែងរបស់ Manny Pacquiao គឺកីឡាករ Mayweather ក៏នឹងឡើងសង្វៀននាថ្ងៃទី០៦ ខែមិថុនា ដែរដើម្បីប្រកួតជាមួយ Logan Paul ដែលត្រូវបានគេស្គាល់ថាជា YouTuber ម្នាក់នោះ៕

 

ប្រភព៖ Reuters

មតិយោបល់