ស្តេចប្រដាល់ហ្វីលីពីន Pacquiao ស្ថិតក្នុងការចចារចុងក្រោយដើម្បីប្រកួតជាមួយ Mikey Garcia នៅខែកក្កដាខាងមុខ

មាស សុផាណារ៉ុង May 7, 2021


 

ហ្វីលីពីន៖ ស្តេចប្រដាល់ហ្វីលីពីន​ Manny Pacquiao ត្រូវបានអះអាងដោយជំនួយការរបស់លោកថា កំពុងស្ថិតក្នុងការចចារដំណាក់កាលចុងក្រោយដើម្បីណាត់កីឡាករឆ្នើមអាម៉េរិក Mikey Garcia ប្រកួតគ្នាលើសង្វៀននាខែកក្កដា ខាងមុខនេះ ប៉ុន្តែពេលវេលា និងទីកន្លែងជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ដោយគេរំពឹងថាសាធារណជននឹងដឹងច្បាស់នាដើមសប្តាហ៍ក្រោយនេះ។

យ៉ាងណាក៏ដោយ មានការបង្ហើបថាជំនួបរវាងអ្នកទាំងពីរទំនងជានឹងធ្វើឡើងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉េត (UAE) ខណៈដែល Pacquiao ស្ថិតនៅទំនេរតាំងពីឆ្នាំ២០១៩ ក្រោយពីផ្តួល Keith Thurman រួចមកស្របពេលដែលអតីតម្ចាស់ខ្សែក្រវាត់ ៤កម្រិត Mikey Garcia ក៏មិនទាន់មានការប្រកួតណាមួយនៅឡើយបន្ទាប់ពីបានយកឈ្នះ Jessie Vargas ដោយពិន្ទុកាលពីដើមឆ្នាំ២០២០ កន្លងមកដែរនោះ។​

សូមបញ្ជាក់ថា កីឡាករ Manny Pacquiao ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងនោះ មានប្រវត្តិប្រកួត ៧១ដង ឈ្នះ៦២លើក ចាញ់ ៧ដង ក្នុងនោះផ្តួលគូប្រកួតឱ្យសន្លប់ ៣៩ដងផងដែរ និងជាកីឡាករដំបូងគេដែលបានឈ្នះខ្សែក្រវាត់ក្នុងប្រភេទ Welterweight រហូតដល់ទៅ ៤ក្របខណ្ឌ។ ចំណែក Mikey Garcia មានប្រវត្តិប្រកួត ៤១លើក ឈ្នះ ៤០ដង ចាញ់ ១ដងក្នុងឈ្នះដោយផ្តួលគូប្រកួតឱ្យសន្លប់បាន ៣០លើកផងដែរ៕

 

ប្រភព៖ AFP/zl

មតិយោបល់