អែម សុវណ្ណារី ចូលរួមវ៉ៃអង្គាស់ប្រាក់ដើម្បីកុមារនៅអង្គការ CFC នៅកម្ពុជា បានដោយសម្រេច

មាស សុផាណារ៉ុង April 20, 2021


 

អាមេរិក៖ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី មិនអាចឡើងប្រកួតទេនាថ្ងៃទី២៨ ខែមេសា ខាងមុខនេះជាមួយគ្នាគឺកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ ដោយសាររបួសស្មាពេលហ្វឹកហាត់។

ប៉ុន្តែ អែម សុវណ្ណារី ក៏បានចូលរួមក្នុងកម្មវិធី RaceToBetterEducation ដែលមានរយៈពេល ២៨ថ្ងៃដើម្បីរ៉ៃប្រាក់ជួយដល់ការសិក្សារបស់កុមារនៅអង្គការ Caring for Cambodia។ កីឡាការិនីរូបនេះបានដាក់គោលដៅត្រឹមតែ១៨០ដុល្លារប៉ុណ្ណោះសម្រាប់ការសិក្សារបស់កុមារម្នាក់ក្នុងរយៈពេលមួយឆ្នាំ។

ការចូលរួមរបស់ អែម សុវណ្ណារី មិនបានប៉ុន្មានថ្ងៃផងមានអ្នកចូលរួមបរិច្ចាគដល់នាងលើសគោលដៅថែមទៀតពោលគឺទទួលបានរហូតដល់ ៣០៥ដុល្លារអាមេរិក។

អ្នកលេងគុនចម្រុះខ្មែរ-អាមេរិក សុវណ្ណារី ដែលមិនទាន់ធ្លាប់មកលេងទឹកដីកំណើតរបស់ឪពុកម្តាយបាននិយាយថា៖ «វាជាផ្នែកមួយនៃការរ៉ៃអង្គាសប្រាក់របស់អង្គការ Caring for Cambodia។ ជួយជំរុញ និងលើកទឹកចិត្តមនុស្សឲ្យចូលរួមបរិច្ចាគដើម្បីជួយដល់កុមារនៅក្នុងប្រទេសកម្ពុជាឲ្យមានលទ្ធភាពធ្វើដំណើរទៅសាលារៀន ហើយក៏ផ្តល់ឲ្យអ្នកចូលរួមនូវដំណើរទេសចរណ៍ជាក់លាក់មួយនៅខេត្តសៀម។»

អង្គការ Caring For Cambodia បានកំពុងជួយដល់កុមាររាប់ពាន់នាក់ឲ្យទទួលបានការអប់រំ។ អង្គការនេះកំពុងឈានមុខគេក្នុងការទទួលបន្ទុកជួយកែប្រែប្រវត្តិសាស្ត្រដ៏រន្ធត់ និងជួយក្រុមគ្រួសារឲ្យកសាងជីវិត សហគមន៍ និងប្រទេសឡើងវិញ។ ក្នុងនាមជាសាលាគំរូសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា អង្គការ CFC បានផ្តល់ការបណ្តុះបណ្តាលគ្រូកម្រិតពិភពលោក ការអប់រំកុមារតូចៗ សមភាពយេនឌ័រ និងកម្មវិធីជាច្រើនទៀត។

ថវិកាទទួលបានពីការរ៉ៃអង្គាសទាំងអស់ពីកម្មវិធីនេះនឹងផ្តល់ការអប់រំដើម្បីកែប្រែជីវិតដល់កុមារ៦៨០០នាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែមិនមែនត្រឹមតែការអប់រំប៉ុណ្ណោះទេ ថែមទាំងផ្តល់អាហារ និងជីវិតរស់នៅមានសុខភាពល្អដែលនឹងធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាងនៅក្នុងប្រទេសកម្ពុជា។

តាមកម្មវិធីដែលធ្វើការរ៉ៃអង្គាស គឺ១៨០ដុល្លារសម្រាប់ការសិក្សារបស់កុមារម្នាក់រយៈពេលមួយឆ្នាំ។ ៦០ដុល្លារសម្រាប់កង់មួយគ្រឿងដល់កុមារដែលអាចជិះទៅសាលារៀន។ ៣០ដុល្លារសម្រាប់អាហារ ៦ថ្ងៃក្នុងមួយសប្តាហ៍ដល់កុមារម្នាក់រយៈពេលមួយឆ្នាំ និង ១៥ដុល្លារសម្រាប់កញ្ចប់អនាម័យត្រីមាសដល់កុមារម្នាក់រយៈពេលមួយឆ្នាំ៕

មតិយោបល់