Leo Cup Division A: ក្រុម ៤ ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកើតមានភាពចម្រូងចម្រាសម្សិលមិញ

នូ មករា June 18, 2016


ភ្នំពេញ៖  ការប្រកួតបាល់ទះរវាងក្រុមសាលាខេត្តកំពង់ចាម ជាមួយបញ្ជាការដ្ឋានអង្គរក្សក្នុងព្រឹត្តិការណ៍ Leo Cup (Division A) នាល្ងាចថ្ងៃទី១៧ ខែមិថុនាម្សិលមិញ នេះបានកើតឡើងនូវភាពសម្រាស់ចម្រូងខ្លះៗ ដោយសារតែក្រុមទាំង ២បានផ្ទុះកំហឹងដាក់អាជ្ញាកណ្ដាល និងចៅក្រមដែលដឹកនាំការប្រកួត។ ក្នុងការប្រកួតសិតទី១ បានប្រព្រឹត្តទៅដោយរលូនហើយក្រុមសាលាខេត្តកំពង់ចាម បានឈ្នះបញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផល ២៥ទល់១៨ ។ លុះមកដល់សិតទី ២ ខណៈដែលពិន្ទុរបស់សាលាខេត្តកំពង់ចាមបាន ១១ ឯបញ្ជាការដ្ឋានអង្គរក្សបាន ១៤នោះ ស្រាប់តែមានការប្រកែកគ្នាកើតឡើង ដោយសារតែភាគីទាំងសងខាងបានតវ៉ារឿងគ្រាប់បាល់ដែលកីឡាករ ម៉ុន រុំ (ពាក់ស្លាកលេខ៣) របស់បញ្ជាការដ្ឋានអង្គរក្សបានលោតគប់ ហើយបាល់នោះត្រូវបានអាជ្ញាកណ្ដាល និងចៅក្រមខ្សែបន្ទាត់២រូបបញ្ជាក់ថាបានចេញក្រៅ។ ភ្លាមៗនោះក្រុមបញ្ជាការដ្ឋានអង្គរក្សបានតវ៉ាថាបាល់នោះចូល ហើយថាបើមិនរាប់ថាជាគ្រាប់បាល់ចូលទេគឺពួកគេនឹងឈប់លេងតែម្តង។ ពេលនោះលោក ស៊ូ វ៉ាន់ធួនដែលជាគ្រូក្រុមបញ្ជាការដ្ឋានអង្គរក្សក៏បានបន្ទោសថាអាជ្ញាកណ្ដាល និងចៅក្រមមិនច្បាស់លាស់ថែមទៀតផង។ ចំណែកឯលោក ឈុន សុង គ្រូបង្វឹករបស់សាលាខេត្តកំពង់ចាម ក៏បានបញ្ជាក់ថាបាល់នេះមិនចូលទេបើហ៊ានថាបាល់នេះចូល ក្រុមរបស់លោកក៏ឈប់លេងដែរ។

1 (4)

ខណៈពេលនោះ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបានសុំឲ្យទាំងសងខាងលះបង់ដោយចាត់ទុកជាមោឃៈ នូវគ្រាប់មួយគ្រាប់នេះ ប៉ុន្តែភាគីទាំងសងខាងសុទ្ធតែមិនព្រមដូចគ្នា ហើយការប្រកួតក៏ត្រូវបានផ្អាកប្រមាណជាមួយម៉ោង។ ក្រោយមក ការប្រកួតក៏បានបន្តឡើងវិញដោយទាំងសងខាងសុខចិត្តទុកជាមោឃៈនូវគ្រាប់បាល់នោះដូចគ្នាក្រោមការសម្រុះសម្រួលរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលជាប្រធានសហព័ន្ធបាល់ទះនោះ។

ជាលទ្ធផលក្រុមទាំង ២នេះបានបន្តការប្រកួតរហូតដល់ចប់ដោយលេងដល់ ៥សិត ហើយក្រុមសាលាខេត្តកំពង់ចាមបានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣ សិតទល់២សិត។

គួរបញ្ជាក់ថា ក្រុមទាំង ២ នេះស្ថិតនៅពូល A ជាមួយគ្នា ប៉ុន្តែក្រុមបញ្ជាការដ្ឋានអង្គរក្សដែលជាក្រុមជើងឯកឆ្នាំមុននោះត្រូវហាលអាវជាមួយក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ស្របពេលដែល ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងសាលាខេត្តកំពង់ចាមនឹងត្រូវដឹកដៃគ្នាទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។

ចំពោះពូល B វិញក្រុមក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមវិសាខា ៣ សិតទល់ ១សិត រីឯក្រុមស្នងការនគរបាលខេត្តកំពង់ចាមបានចាញ់ក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ០ទល់៣សិត ដូច្នេះនៅក្នុងពូលB នេះក្រុមស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមវិសាខា ត្រូវហាលអាវហើយ ចំណែកក្រុមក្រសួងមហាផ្ទៃ និង ក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារ មានសិទ្ធិឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត ដោយត្រូវចាប់ផ្ដើមប្រកួតនៅរសៀលថ្ងៃទី១៨ ខែមិថុនានេះដោយក្រុមលេខ១ ពូល A គឺ កងពលធំអន្តរាគមន៍លេខ៣ ត្រូវប្រកួតជាមួយលេខ២ ពូល B គឺសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ហើយមួយប្រកួតទៀតនោះគឺក្រុមលេខ១ ពូល B ក្រសួងមហាផ្ទៃ នឹងជួបជាមួយក្រុមលេខ២ ពូលA គឺក្រុមសាលាខេត្តកំពង់ចាម៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត