ឯកឧត្តម នេត សាវឿន៖ ពានបាល់ទះមិត្តភាព គឺជាការរំឭក និងចាប់ផ្ដើមពង្រឹងឡើងវិញនៃសកម្មភាពកីឡាបាល់ទះកម្ពុជា

មាស សុផាណារ៉ុង January 27, 2021


 

ភ្នំពេញ៖ បន្ទាប់ពីប្រកួតអស់រយៈពេល ១សប្ដាហ៍រួចមក គណៈកម្មការរៀបចំការប្រកួត បានរកឃើញក្រុមបាល់ទះវិសាខា ដែលជាក្រុមខ្លាំងដណ្ដើមជើងឯក ពានរង្វាន់មិត្តភាព អបអរសាទរ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ បន្ទាប់ពីប្រកួតឈ្នះជើងខ្លាំង ៤ក្រុមផ្សេងទៀត។

ថ្លែងក្នុងពិធី បិទការប្រកួត កាលពីថ្ងៃទី ២៥ ខែមករា ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះ គឺជាសក្ខីភាពមួយ ដើម្បីរំឭកឡើងវិញនៃទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ហើយក៏ជាការរំឭក និងចាប់ផ្ដើមពង្រឹងឡើងវិញ នៃសកម្មភាពកីឡាបាល់ទះកម្ពុជា ផងដែរ។ ដូច្នេះឯកឧត្តមបានជំរុញឲ្យកីឡាករគ្រប់ក្រុមបន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសគោលដៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានប្ដេជ្ញាចិត្ត ក្នុងការជួយជ្រោមជ្រែងកីឡាបាល់ទះជនពិការ និងកីឡាបាល់ទះឆ្នេរខ្សាច់បន្ថែមទៀត ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងដណ្ដើមមេដាយជូនជាតិផងដែរ។

គួបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទះនេះមាន ៥ក្រុមចូលរួម ដោយប្រើរូបមន្ដសន្សំពិន្ទុវិលជុំ ហើយជាលទ្ធផលជើងឯកបានទៅក្រុមវិសាខា ដែលរកបាន ១២ពិន្ទុទទួលបានប្រាក់រង្វាន់ ៥លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ រកបាន៧ពិន្ទុ ទទួលបានប្រាក់រង្វាន់ ៣លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ រកបាន៧ពិន្ទុស្មើគ្នា ទទួលបានប្រាក់រង្វាន់ ២លានរៀល ខណៈ ២ក្រុមទៀត ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចគ្នាផងដែរ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់