ឯកឧត្តម ស សុខា ផ្ដល់អាគារស្នាក់នៅ ១ខ្នង ដល់កីឡាករ-កីឡាការិនីជនពិការកម្ពុជា

មាស សុផាណារ៉ុង September 30, 2020


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា នេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានចូលរួមប្រគល់ពានកីឡាបាល់ទះអង្គុយ ជូនដល់ក្រុមកីឡាករ កីឡាការិនីជនពិការដែលបានចូលរួមប្រកួតដណ្ដើមជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងបានប្រកាសថានឹងផ្ដល់ជូននូវអាគារស្នាក់នៅ ១ខ្នង ដើម្បីសម្រួលដល់ការស្នាក់នៅ និងហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជនពិការ ដែលកំពុងស្នាក់អាស្រ័យ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។

ការប្រកាសផ្ដល់នូវអាគារស្នាក់នៅដល់ក្រុមអត្តពលិកជនពិការនេះ ដោយសារលោកបានមើលឃើញកង្វះខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនីជនពិការផ្ទាល់នៅទីនោះ ។ ហើយរដ្ឋលេខាធិការរូបនេះ ក៏បានស្នើឲ្យក្រុមការងារ ធ្វើការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការសិក្សាទីតាំងថ្មី ដើម្បីរៀបចំ និងផ្ដល់នូវការស្នាក់នៅកាន់តែមានភាពងាយស្រួលដល់ពួកគាត់ ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងអប់រំខាងលើ ដែលជំរុញឲ្យបងប្អូនកីឡាជនពិការមានភាពកក់ក្ដៅ និងកាន់តែខិតខំប្រឹប្រែងហ្វឹកហាត់ ដើម្បីសម្រួចទិសដៅឆ្ពោះទៅការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំដោយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា។

ជាលទ្ធផលក្រុមបាល់ទះអង្គុយជនពិការ តេជៈសន្តិភាព គ្រងដំណែងជើង ឯកប្រចាំឆ្នាំ២០២០ ក្រុមបាល់ទះអង្គុយជនពិការ គ្រងដំណែងជើងឯករងត្នោតជ័យកំពង់ស្ពឺ ក្រុមបាល់ទះអង្គុយ ជនពិការមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែនចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទះអង្គុយជនពិការរិទ្ធិសែន កំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ ៤។ លើសពីនេះ ដើម្បីអបអរដល់ក្រុមបាល់ទះអង្គុយ ដែលបានចូលរួមប្រកួតជើងឯកឆ្នាំ២០២០ ចំនួន ៤ក្រុម ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភក្នុងមួយក្រុមចំនួន ៨០ម៉ឺនរៀលផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់