កាលបរិច្ឆេទថ្មី នៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ មិនទាន់កំណត់នៅឡើយ

មាស សុផាណារ៉ុង April 23, 2020


 

ភ្នំពេញ៖ គម្រោងនៃការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានលើកពេលប្រកួតដោយសារតែការរំខាននៃជំងឺកូវីដ១៩។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងថា៖ «ព្រឹត្តិការណ៍កីឡាទាំងអស់សុទ្ធតែត្រូវរំខានដោយសារមេរោគកូវីដ១៩ នេះជាការរំខានជាសកល គឺមិនមែនតែប្រទេសកម្ពុជាម្នាក់ឯងទេដែលជួបវិបត្តិបែបនេះ តែពិភពលោកទាំងមូលសុទ្ធជួបនូវវិបត្តិនេះដូចគ្នា។»

តាមការគ្រោងទុកការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គ្រោងធ្វើនៅអំឡុងពាក់កណ្ដាលខែកុម្ភៈ ឬពាក់កណ្ដាលខែមីនា ប៉ុន្តែដោយសារពិភពលោកទាំងមូលជួបនូវរឿងអកុសលបែបនេះ ទើបកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍នេះមិនទាន់ត្រូវបានកំណត់ជាថ្មីនៅឡើយទេ។

លោកអគ្គលេខាធិការអះអាងថាប្រសិនបើជម្ងឺនេះស្ងប់ស្ងាត់ នោះព្រឹត្តិការណ៍នេះនឹងត្រូវបង្កើតឡើងវិញភ្លាម តាមការគ្រោងទុកព្រឹត្តិការណ៍នេះមានក្រុមចំនួន១០ ចូលរួមដែលសុទ្ធតែជាក្រុមកំពូលនៅក្នុងប្រទេសកម្ពុជា។

ជុំវិញការហ្វឹកហាត់ក្នុងពេលវិបត្តិកូវីដ១៩ នេះវិញ លោកអគ្គលេខាធិការដដែលរូបនេះ បានត្អូញត្អែរថាសព្វថ្ងៃមានតែក្រុមជម្រើសជាតិប៉ុណ្ណោះដែលហ្វឹកហាត់តាមផ្ទះក្រោមការពិនិត្យរបស់គ្រូបង្វឹក និងគ្រូជំនួយ ដែលជាអ្នកផ្ដលកម្មវិធីប្រចាំថ្ងៃឲ្យពួកគេហ្វឹកហាត់នោះ ចំពោះការហ្វឹកហាត់ទៀតសោតក៏មិនបានល្អដូចការហ្វឹកហាត់ជាក្រុមក្រោមការត្រួតពិនិត្យពីសំណាក់គ្រូបង្វឹកដែរ។

លោកបន្តថា៖ «ការហ្វឹកហាត់ជាក្រុមក្រោមការពិនិត្យរបស់គ្រូបង្វឹកនោះពិតជារីកចម្រើនមែនព្រោះពួកគេមានការប្រឡងប្រជែងគ្នា។ តាមធម្មតានៅក្នុងថ្នាក់រៀនមួយគ្មានសិស្សរូបណាចង់ក្លាយជាសិស្សបាតថ្នាក់នោះទេ ហេតុនេះហើយទើបពួកគេប្រជែងគ្នានោះ។»

គួររំឭកថា កាលពីដើមឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះត្រូវគេប្រសិទ្ធិនាមថា «ពានរង្វាន់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០»៕

 

រូបភាព៖ Volleyball Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់