បាល់ទះកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ ជាលើកដំបូង

មាស សុផាណារ៉ុង January 14, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះត្រូវគេប្រសិទ្ធិនាមថា «ពានរង្វាន់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០»។

នេះជាព្រឹត្តិការណ៍លើកទី១ សម្រាប់ឆ្នាំ២០២០នេះ ដែលក្រសួង អប់រំ យុវជន និងកីឡា រួមជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំនូវការប្រកួតបាល់ទះដ៏ធំអស្ចារ្យនេះ។ ក្នុងអង្គប្រជុំដែលប្រព្រឹត្តធ្វើក្នុងសប្ដាហ៍នេះ ដែលមានការចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រជុំក្រុមការងារត្រៀមរៀបចំការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងនោះថា ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ នឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២៩ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមិនា ដែលទីកន្លែងនៃការប្រកួតនៅក្នុងវិមានពហុកីឡដ្ឋានជាតិ និងទីលានវិសាខា រាជធានីភ្នំពេញ។

លោក បឹង គឹមតោ ឲ្យដឹងទៀតថា ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ លោកបានបញ្ជាក់ថា ការប្រកួតគឺបើកទូលាយសម្រាប់រាជធានី ខេត្ត តែកីឡាករដែលអាចចូលរួមប្រកួតបានត្រូវមានអាយុ២៥ឆ្នាំចុះ គឺកើតឆ្នាំ១៩៩៥ ហើយកីឡាករអតីតដែលមានឈ្មោះក្នុងក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ពុំអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួតនេះទេ។

ចំពោះពាន និងរង្វាន់វិញ គឺចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ មេដាយមាស ១៨គ្រឿង និងថវិកាអម ១៥លានរៀល ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ១៨គ្រឿង ថវិកាអម ៨លានរៀល ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ១៨គ្រឿង ថវិកាអម ៤លានរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ២លានរៀល។ ក្រៅពីនេះ ក៏មានរង្វាន់សម្រាប់ក្រុមគោរពតាមគោលការណ៍ដោយយុត្តិធម៌ (Fair Phay) ទទួលបាន ១លានរៀល កីឡាករវាយបាល់បានល្អជាងគេថវិកា ៤០ម៉ឺនរៀល កីឡាករបញ្ជូនបាល់បានល្អជាងគេ ថវិកាអម ៤០ម៉ឺនរៀល កីឡាករការពារល្អជាងគេថវិកាអម ៤០ម៉ឺនរៀល កីឡាករវាយសេវាល្អជាងគេថវិកាអម ៤០ម៉ឺនរៀល កីឡាករធ្វើរនាំងការពារល្អជាងគេបានទទួថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល និងអាជ្ញាកណ្ដាលល្អជាងគេ បានរង្វាន់ ៤០ម៉ឺនរៀល៕

 

រូបភាព៖ Volleyball Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់