គ្រូបង្វឹកបាល់ទះកម្ពុជា ៣០ភាគរយ ទទួលបាននិទ្ទេសល្អ វគ្គសិក្សាស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាបាល់ទះ

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាបាល់ទះកម្រិតទីមួយ ដែលបានចាប់ផ្ដើមបើកកាលពីថ្ងៃទី២៨ ខែសីហា មកនោះ បានបញ្ចប់ដោយជោគជ័យនៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។

វគ្គនេះត្រូវបានបង្រៀនដោយ លោក Shameen-Al-Mamun នាយកគ្រូបង្វឹកសហព័ន្ធកីឡាបាល់ទះអន្តរជាតិ។ មានសិក្ខាកាមចូលរួមចំនួន ៣២រូប មកពី ២០អង្គភាព សមាគម ក្លឹបទូទាំង ២៥ រាជធានី-ខេត្ត។ ឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គ និងចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមទាំង ៣២រូប។

ឆ្លងកាត់វគ្គសិក្សានេះសិក្ខាកាមទាំងអស់បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្ដី និងលើកកម្ពស់កម្រិត សមត្ថភាពបច្ចេកទេសដូចជាប្រវត្តិ និងរចនាសម្ព័ន្ធរបស់សហព័ន្ធបាល់ទះអន្តរជាតិ ( FIVB ) ការដឹកនាំលេងហ្គេម ជំនាញបច្ចេកទេស ដូចជាការទទួលបាល់ ការបញ្ជូនបាល់ ការវាយសេវា កាការពារ ការធ្វើរបាំង និងកលល្បិចរបស់ក្រុមក្នុងពេលប្រកួត។

បើតាមគណៈគ្រប់គ្រងវគ្គបានឲ្យដឹងថាឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃកន្លងមកនេះ ជាលទ្ធផលសិក្ខាកាមដែលទទួលបាននិទ្ទេសល្អបានចំនួន ៩នាក់ ស្មើនឹង ៣០ភាគរយ និទ្ទេសល្អបង្គួរ ចំនួន ៧រូបស្មើនឹង ២០ភាគរយ និទ្ទេសមធ្យម ចំនួន ១៦រូប ស្មើនឹង ៥០ភាគរយ។

សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៦ មកអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បានផ្ដល់វគ្គបែបនេះដល់កម្ពុជាបាន ចំនួន ៥៦វគ្គហើយដែលក្នុងនោះសម្រាប់បាល់ទះបាន ៦វគ្គ រាប់បញ្ជូលទាំងវគ្គនេះ។ ទាំង ៦វគ្គនេះមានសិក្ខាកាមសរុបចំនួន ១៣៨នាក់ ក្នុងមាននារី ៦នាក់៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់