រកឃើញហើយក្រុមជ័យលាភីនៃព្រឹត្តិការណ៍ 2019 Anchor Beach Volleyball Carnival

នូ មករា February 25, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ ឬ 2019 Anchor Beach Volleyball Carnival ក្នុងក្របខណ្ឌ FIVB 2-Star Beach Volleyball World Tour គឺជាការប្រកួតដែលមានតែកីឡាការិនីសុទ្ធសាធ និងបានចាប់ផ្ដើមពីថ្ងៃទី២១ ខែកុម្ភៈមកនោះបានបញ្ចប់នៅព្រលប់ថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញដោយមានក្រុមកីឡាការិនីចូលរួមចំនួន៣៩ក្រុមមកពី២១ប្រទេសលើពិភពលោកដែលក្នុងនោះមានក្រុមកីឡាការិនីកម្ពុជាចំនួន ២ក្រុមដែរ។

នៅក្នុងការប្រកួតនេះ ក្រុមកីឡាការិនីកម្ពុជាមិនអាចប្រជែងជាមួយក្រុមខ្លាំងៗមកពីបណ្ដាប្រទេសជាច្រើនលើពិភពលោកនោះឡើយ ដោយក្រុមទី១បានចាញ់ក្រុមមកពីប្រទេសលីទុយអានី ០ទល់២សិត ក្នុងពិន្ទុ៤ទល់២១ និង ៤ទល់២១ ចំណែកក្នុងការប្រកួតលើកទី២ បានបន្តចាញ់កាណាដា ០ទល់២សិតដែរក្នុងពិន្ទុ០ ទល់២១ និង៨ទល់២១។ ចំពោះក្រុមទី២ក៏បានចាញ់ក្រុមកាណាដាដែរក្នុងលទ្ធផល ០ទល់២សិត ក្នុងពិន្ទុ២ទល់២១ និង៦ទល់២១ រីឯការប្រកួតលើកទី២បានចាញ់ក្រុមជប៉ុន ០ទល់២សិត ក្នុងពិន្ទុ ៣ទល់២១ និង២ទល់២១។

ចំពោះលទ្ធផលរួមគឺចំណាត់ថ្នាក់លេខ១ បានទៅក្រុមប្រទេសក្រិកដោយបានទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៤.០០០ដុល្លារ, ចំណាត់ថ្នាក់លេខ២ សហរដ្ឋអាមេរិក ទទួលបានមេដាយ និងប្រាក់រង្វាន់ ៣.០០០ដុល្លារ ខណៈដែលចំណាត់ថ្នាក់លេខ៣ គឺប្រទេសជប៉ុន ដោយទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ២.០០០ដុល្លារ។

សូមបញ្ជាក់ថា ក្នុងបិធីបំពាក់មេដាយបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និង លោក MOON YOO នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់