Anchor 2nd International Volleyball លើកទី២ ធ្វើនៅ៤មណ្ឌលក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមពីថ្ងៃនេះតទៅ

មាស សុផាណារ៉ុង February 21, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀអាន់ឆ័រ លើកទី២ “Anchor 2nd International Volleyball” ដែលនឹងចាប់ផ្តើមការប្រកួតជាផ្លូវការ ពីថ្ងៃទី២១ ខែកុម្ភៈ តទៅដោយមាន កីឡាករ-កីឡាការិនី មកពី៤៧ប្រទេសចូលរួម។

លោក Samson Wong អគ្គនាយកគ្របគ្រង់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថាព្រឹតិ្តការណ៍នេះ រៀបចំឡើងដោយក្រុមហ៊ុនស្រាបៀអាន់ឆ័រ សហការជាមួយ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) សហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ មានកីឡាករ-កីឡាការិនី មកពី៤៧ប្រទេសចូលរួម ដែលមាន១២០ក្រុម រួមមានកម្ពុជា ជប៉ុន ឆេក ថៃ អាមេរិក តៃប៉ិ អូស្រ្តាលី ប៉ូឡូញ កាណាដា អេហ្ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាឡឺម៉ង ក្រិច ស៊ុយអែត និងបណ្តាប្រទេសជាច្រើនទៀតមកពីគ្រប់ទ្វីបទូទាំងពិភពលោក។

ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ នឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជនដោយសារតែមានកីឡាករ-កីឡាការិនី មកពីបណ្តាលប្រទេសជាច្រើនចូលរួមប្រកួតប្រជែងលើទឹកដីកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសអរគុណដល់ សហព័ន្ធកីឡាបាល់ទះអាស៊ី និងអន្តរជាតិ ដែលជួយផ្តល់មន្ត្រីបច្ចេកទេសដល់ការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការគាំទ្រនានាដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ សម្រាប់កម្ពុជា។ លោកបន្តថា កីឡាត្រូវគោរពគោលការណ៍៣យ៉ាង គឺលេងដោយយុត្តិធម៌ ( Fair-Play ) លេងដើម្បីមិត្តភាព ( Friendship ) និងលេងដោយមានស្មារតីប្រកួត ( Fighting Spirit )។

សូមបញ្ជាក់ថា ៤មណ្ឌលដែលធ្វើជាម្ចាស់ផ្ទះនោះមាន រាជធានីភ្នំពេញ ប្រកួតពីថ្ងៃទី២១ ដល់២៤កុម្ភៈ។ ខេត្តកំពង់ស្ពឺ ពីថ្ងៃទី៧ដល់១០មីនា ខេត្តសៀមរាប ពីថ្ងៃទី២១ដល់២៤មីនា និងខេត្តបាត់ដំបង ពីថ្ងៃទី៤ដល់៧មេសា៕

 

រូបភាព៖ ផ្ដល់ឲ្យ / Anchor Beer (Cambodia) 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់