ក្រុមកីឡាបាល់បោះវ័យក្មេងកម្ពុជាចេញទៅឡាវដើម្បីប្រកួតមហាអនុតំបន់មេគង្គ

នូ មករា February 20, 2019


ភ្នំពេញ៖ ក្រុមកីឡាករបាល់បោះវ័យក្មេងរបស់ប្រទេសកម្ពុជាបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញដើម្បីប្រកួតជាលក្ខណៈមិត្តភាពនៅទីនោះ។ ជាមួយនឹងការចេញទៅនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមកីឡាករវ័យក្មេងទាំងនោះដើម្បីជាការលើកទឹកចិត្ត និងឲ្យពួកគេលេងឲ្យអស់ពីសមត្ថភាពពោលគឺទោះបីលទ្ធផលនៃការប្រកួតចាញ់ឬឈ្នះក៏កីឡាករត្រូវលេងដោយបង្ហាញពីភាពរីកចម្រើន។

សូមបញ្ជាក់ថា នេះជាការប្រកួតជាលក្ខណៈមិត្តភាពពិតមែនប៉ុន្តែជាការប្រកួតជាមួយបណ្ដាប្រទេសនៃមហាអនុតំបន់មេគង្គគឺប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ។ ចំពោះក្រុមបាល់បោះដែលចូលរួមសុទ្ធតែមានអាយុក្រោម ១៨ឆ្នាំទាំងអស់ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈដោយឡាវធ្វើជាម្ចាស់ផ្ទះ។

លោកអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានចាត់ទុកថា នេះជាការប្រកួតជាលក្ខណៈអន្តរជាតិដ៏សំខាន់មួយដើម្បីវាស់ស្ទង់ពីសមត្ថភាពកីឡាករបាល់បោះវ័យក្មេងកម្ពុជាជាមួយក្រុមបាល់បោះវ័យក្មេងនៃបណ្ដាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គដោយលោកបានចាត់ទុកដែរថា ឱកាសប្រកួតបែបនេះមិនសូវមានទេហេតុនេះការចូលរួមប្រកួតនេះគឺជាការប្រកួតលក្ខណៈអន្តរជាតិដ៏ធំមួយសម្រាប់កម្ពុជា៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់