គ្រូបង្វឹកបាល់ទះថ្មីជនជាតិចិន ចាប់ផ្ដើមជ្រើសរើសកីឡាជម្រើសជាតិហើយ!

នូ មករា August 6, 2018


ភ្នំពេញ៖ បន្ទាប់ពីមកដល់ស្រុកខ្មែរកាលពីថ្ងៃទី១ ខែសីហាមកនោះ គ្រូបង្វឹកបាល់ទះជនជាតិចិនគឺ លោក Ji Jun បានចាប់ផ្ដើមជ្រើសរើសកីឡាករល្អៗដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិហើយ ។ ការជ្រើសរើសធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៥ និង ទី៦ ខែសីហានៅទីលានវិសាខានាក្រុងរណបហ្គ្រេនភ្នំពេញ។ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមការគ្រោងទុកត្រូវមានក្រុមខ្លាំងៗចំនួន៥ចូលរួមតែដោយសារក្រុមចំនួន២គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមកងពលធំអន្តរាគមន៍លេខ៣មានបេសកកម្មមិនអាចចូលរួមបាននោះទើបមានតែ៣ក្រុមចូលរួមគឺក្រុមវិសាខា ចំនួន២ក្រុម និងក្រុមក្រសួងមហាផ្ទៃ ។
ការប្រកួតជ្រើសរើសរកកីឡាករសម្រាប់ក្រុមជម្រើសជាតិនេះ លោក ស សុខា ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាជាអ្នកចំណាយទាំងស្រុង ចំណែក លោកគ្រូ Ji Jun ជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដោយខ្លួន ។ ចំពោះរបៀបជ្រើសរើសគឺក្រុមទាំង៣ដែលចូលរួមត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់ដោយគ្រូបង្វឹកជាអ្នកកត់សម្គាល់លើកីឡាករណាដែលល្អមានសមត្ថភាព វិន័យ និងសីលធម៌របស់កីឡាករវាយតម្លៃដោយសហព័ន្ធ ។ តាមការគ្រោងទុកលោកនឹងជ្រើសរើសពី១៦ទៅ១៨រូបទៅតាមដែលអាចជ្រើសរើសបាន ។
សូមបញ្ជាក់ថា លោក Ji Jun គឺជាគ្រូបង្វឹកបាល់ទះមកពីមជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះនៃមន្ទីរកីឡាខេត្តហ្វ៊ូជាំង ដោយលោកត្រូវបង្ហាត់នៅស្រុកខ្មែររយៈពេល៥ឆ្នាំ ។លោក ស សុខា បានប្រាប់ទៅគ្រូបង្វឹកថា ក្នុងរយៈពេល៥ឆ្នាំដែលលោកបង្ហាត់សហព័ន្ធចង់បានត្រឹមតែមេដាយសំរឹទ្ធស៊ីហ្គេមក៏អស់ចិត្តដែរ ។ គ្រូបង្វឹករូបនេះបានអះអាងវិញថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយលោកនឹងមិនលាក់លៀមអ្វីឡើយព្រោះអ្វីដែលលោកមានលោកនឹងបញ្ចេញទាំងអស់ ។
ទន្ទឹមនឹងនេះ លោកបានសំណូមពរថា បន្ទាប់ពីជ្រើសរើសបានលោកសុំឲ្យពួកគេរស់នៅក្នុងជំរុំជាមួយគ្នាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ។ ករណីនេះ លោក ស សុខា បានស្ម័គ្រចិត្តធ្វើតាមសំណូមពរហើយលោកធានាចិញ្ចឹមពួកគេដោយលោកនឹងស្វះស្វែងរកការជួយគាំទ្រពីផ្នែកឯកជន។ សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់បណ្ដាក្លិបដែលបញ្ជូនក្រុមកីឡាករមកធ្វើតេស្តដើម្បីរកកីឡាករល្អៗបញ្ចូលក្រុមជម្រើសជាតិនេះ លោក ស សុខា បានចំណាយលុយផ្ទាល់ខ្លួនចំនួន ៣.០១៥ដុល្លារសម្រាប់ការជ្រើសរើសនេះ ដោយលុយនេះក៏ចំណាយផងដែរទៅលើប្រាក់រង្វាន់សម្រាប់ក្រុមដែលចូលរួមគឺក្រុមបានលេខ១ បានចំនួន ៣.០០០.០០០ រៀល, លេខ២ បាន២.០០០.០០០រៀល និង លេខ៣ បាន១.០០០.០០០រៀល ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់