កីឡាការិនីបាល់ទះកម្ពុជាដ៏ល្បីឈ្មោះកាលទសវត្សទី៦០ ទទួលមរណភាពហើយ

នូ មករា April 30, 2018


ភ្នំពេញ៖ អតីតកីឡាការិនីបាល់ទះល្បីឈ្មោះរបស់កម្ពុជា ច័ន្ទ លាងឈីវ ដែលជាសមាជិកក្រុមបាល់ទះរហស្សនាមថា «ខ្លាញីតំបន់អាសុី» នោះបានទទួលមរណភាពហើយកាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅក្នុងជន្មាយុ ៧៨ឆ្នាំ ។ លោកយាយជាអ្នកធ្លាប់នាំមេដាយពីឆាកអន្តរជាតិមកជូនជាតិ និងជាខ្លាញីក្នុងការប្រកួតកីឡាហ្គាណេហ្វូ (កីឡានៃបណ្ដាប្រទេសមិនចូលបក្ខសម្ព័ន្ធ) នាទសវត្សឆ្នាំ៦០ ដោយកីឡាការិនីរូបនេះគឺជាអ្នកគប់បាល់ដ៏ឆ្នើមបំផុតរបស់កម្ពុជា ។ គួរំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាសុីលើក​ទី៦ នៅទីក្រុង​បាងកក ​ប្រទេស​ថៃ ក្នុង​ឆ្នាំ១៩៧០ ក្រុមកីឡាការិនីបាល់ទះកម្ពុជាបានឈ្នះ​មេដាយ​សំរឹទ្ធ១ ដែល​ក្នុង​នោះ លោកយាយ ច័ន្ទ លាងឈីវ ក៏​ធ្លាប់​បាន​អះអាងថា គាត់​ក៏​ជា​សមាជិក​ម្នាក់នៅ​ក្នុងក្រុម​ផង​ដែរ។
 
បន្ទាប់ពីបានឆ្លងផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ក្រោយឆ្នាំ១៩៧៩នោះ អតីតកីឡាការិនីរូបនេះបានវិលមកកាន់ទីលានបាល់ទះវិញ ប៉ុន្តែដោយមានវ័យច្រើននាំឱ្យការប្រឡូកជាមួយវិស័យកីឡាបាល់ទះមិនបានយូរនោះទេ ។ យ៉ាងណាក៏ដោយទោះបីលាលែងពីអាជីពកីឡាការិនីបាល់ទះក៏លោកយាយនៅបម្រើការងារក្នុងនាយកដ្ឋានអប់រំ កាយ និងកីឡា ជាបន្តទៀត។ លុះប៉ុន្មានឆ្នាំចុងក្រោយនេះលោកយាយបានធ្លាក់ខ្លួនពិការដោយសារតែបាក់ឆ្អឹងត្រគៀកតែនាយកដ្ឋានអប់រំកាយ និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពុំបានទុកឲ្យអតីតកីឡាការិនីរូបនេះកំព្រាឡើយ ដោយរាល់ពិធីបុណ្យនានាពិសេសបុណ្យចូលឆ្នាំខ្មែរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែរៀបចំជាវត្ថុអនុស្សាវរីយ៍ និងរៀបចំការហូបអាហារជួបជុំជាមួយអ្នកកីឡាចាស់ៗដែលក្នុងនោះក៏មានអតីតកីឡាការិនីច័ន្ទ លាងឈីវដែរ ។
 
សូមបញ្ជាក់ថា សពរបស់លោកយាយ ច័ន្ទ លាងឈីវ នឹងយកទៅបូជានៅវត្តអង្គប្រសើរ ភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ។ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានដឹកនាំមន្ត្រីក្រោមឱវាទរបស់លោកទៅគោរពវិញ្ញាណក្ខ័ន្ធលោកយាយ និងបាននាំយកបច្ច័យមួយចំនួនសម្រាប់ជួយសម្រួលក្នុងការធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់