មុននេះបន្តិច កម្ពុជាយកឈ្នះក្រុមបាល់ទះអង្គុយជនពិការរបស់អីតាលី ៣សិតទល់០

នូ មករា March 27, 2018


ភ្នំពេញ៖ នេះជាលើកដំបូងហើយដែលក្រុមកីឡាបាល់ទះ អង្គុយជនពិការកម្ពុជា បានយកឈ្នះប្រទេសអីុតាលី ៣សិតទល់០ក្នុងជំនួបបើកឆាកនៃព្រឹត្តិការណ៍ World Championship Qualifies នៅប្រទេសកូរ៉េខាងត្បូង។ បើតាមអគ្គលេខាធិការនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានប្រាប់ពីប្រទេស កូរ៉េមកថា នេះជាលើកដំបូងហើយក្នុងជំនួបបើកឆាក ដែលកម្ពុជាបានយកឈ្នះក្រុមនៃប្រទេសអីុតាលី ដែល ជាក្រុមខ្លាំងនៅក្នុងចំណោម ១០ប្រទេសដែលចូលរួមប្រកួត ដោយក្នុងនោះកម្ពុជាបានប្រកួតឈ្នះពិន្ទុ២៥ទល់១១ , ២៦ទល់ ២៤ និង២៥ទល់និង១៥ ខណៈការប្រកួតនាថ្ងៃស្អែកកម្ពុជាត្រូវជួបជាមួយក្រុម ម្ចាស់ផ្ទះកូរ៉េខាងត្បូងវិញម្តង។


លោកបន្តថា៖ «ក្តីសង្ឃឹមរបស់ខ្ញុំ បានសម្រេចហើយ ដោយយើងបានទទួលជោគជ័យឈ្នះក្រុមអុីតាលី ក្នុងលទ្ធផល៣សិតទល់នឹងសូន្យ ប៉ុន្តែយើងត្រូវខិតខំតស៊ូបន្ថែមទៀត ព្រោះយើងត្រូវបន្តទៅជួបក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងនៅថ្ងៃស្អែក»។


គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោកនេះ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ឈរនៅពេល A ជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង អុីតាលី និងប្រទេសឡេតូនី ខណៈពូល B មានក្រុមក្រូអាស៊ី ម៉ុងហ្គោលី ថៃ និងប្រទេសកុងហ្គោ។ ចំណែកបាល់ទះអង្គុយជនពិការផ្នែកនារី មានតែ ២ ប្រទេសទេ គឺកូរ៉េខាងត្បូង និងអ៊ីតាលី ហើយការប្រកួតនេះ គ្រោងនឹងបញ្ចប់ នៅថ្ងៃទី១ ខែមេសា ហើយការប្រកួតនេះគឺដើម្បីចម្រាញ់រកជើងខ្លាំងសម្រាប់ព្រឹត្តិការណ៍ Paralympic នាឆ្នាំ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់