ទស្សនាវីដេអូហាយឡាយវគ្គផ្ដាច់ព្រ័ត្រ ៣ប្រកួតចុងក្រោយនៃពាន AFC Asian Cup ដែលនឹងមកដល់ជាថ្មីស្អែកនេះ
មាស សុផាណារ៉ុង January 4, 2019
អាស៊ី៖ នៅយប់ថ្ងៃទី០៥ ខែមករា ស្អែកនេះការប្រកួតបាល់ទាត់ធំជាងគេប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 លើកទី១៧ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមឡើងដោយ ម្ចាស់ផ្ទះអារ៉ាប់រួម ជាក្រុមបើកឆាកប្រកួតមុនគេទល់នឹង បារ៉ែន ក្នុងពូល A។
ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ឆ្នាំចុងក្រោយ២០១៥
មុនការប្រកួតដែលនឹងឈានចូលមកនៅមិនដល់២៦ម៉ោងទៀតនោះ សូមក្រឡេកមកមើលវីដេអូហាយឡាយពីការប្រកួត៣ លើកចុងក្រោយនៃពានរង្វាន់ដែលប្រារព្ធឡើងនៅរៀងរាល់ ៤ឆ្នាំម្ដងមួយនេះបន្តិច ដោយចាប់ផ្ដើមពីឆ្នាំ២០០៧។
– AFC Asian Cup ឆ្នាំ២០០៧៖ ឆ្នាំនោះគឺជាឆ្នាំដំបូងដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីផ្លាស់ប្ដូរមកធ្វើការប្រកួតនៅក្នុងឆ្នាំសេសវិញបន្ទាប់ពីកាលវិភាគដ៏មមាញឹកទាំងបាល់ទាត់ពិភពលោកនិងព្រឹត្តិការណ៍កីឡាអូឡាំពិកអាចធ្វើឲ្យជាន់គ្នា។
ឆ្នាំ២០០៧ ប្រទេសចំនួន៤បានចូលខ្លួនធ្វើជាម្ចាស់ផ្ទះរួមរៀបចំការប្រកួត ជាប្រទេសដែលមកពីតំបន់អាស៊ីអាគ្នេយ៍មាន ថៃ, វៀតណាម, ម៉ាឡេស៊ និងឥណ្ឌូនេស៊ី ហើយមានប្រទេសចំនួន១៧ចូលរួមប្រកួតនៅក្នុងជុំផ្ដាច់ព្រ័ត្រ ខណៈជើងឯនៅគ្រានោះបានទៅ ជម្រើសជាតិអ៊ីរ៉ាក់ ក្រោយពីបានយកឈ្នះ អារ៉ាប់ប៊ីតសាវឌីត ១ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ទស្សនាវីដេអូការប្រកួតផ្ដាច់ព្រ័ត្ររវាង អ៊ីរ៉ាក់ និងអារ៉ាប់ប៊ីតសាវឌីត៖
– AFC Asian Cup ឆ្នាំ២០១១៖ ឆ្នាំ២០១១ ប្រទេសកាតា បានទទួលសិទ្ធិផ្ដាច់មុខរៀបចំការប្រកួតនេះ ដោយមានប្រទេសចំនួន១៦ ផងដែរចូលរួមប្រកួត ស្របពេលដែលម្ចាស់ជើងឯកគឺបានទៅ ជម្រើសជាតិជប៉ុន បន្ទាប់ពីបានយកឈ្នះ អូស្ត្រាលី ១ទល់០ នៅក្នុងម៉ោងបន្ថែម១៥នាទី២ដង។
ទស្សនាវីដេអូការប្រកួតផ្ដាច់ព្រ័ត្ររវាង ជប៉ុន និងអូស្ត្រាលី៖
– AFC Asian Cup ឆ្នាំ២០១៥៖ ឆ្នាំ២០១៥ ជាឆ្នាំចុងក្រោយគេបង្អស់គិតមកទល់ពេលនេះ សម្រាប់ពានជើងឯកទ្វីបអាស៊ី ខណៈនោះប្រទេសអូស្ត្រាលី គឺជាម្ចាសផ្ទះរៀបចំការប្រកួតនេះ ដោយមានប្រទេសចំនួន១៦ ដដែលចូលរួមប្រកួត ហើយជើងឯកគឺបានទៅ ម្ចាស់ផ្ទះអូស្ត្រាលី ផ្ទាល់តែម្ដង បន្ទាប់ពីបានយកឈ្នះ កូរ៉េខាងត្បូង ២ទល់១ នៅក្នុងម៉ោងបន្ថែម១៥នាទី២ដង។
ទស្សនាវីដេអូការប្រកួតផ្ដាច់ព្រ័ត្ររវាង អូស្ត្រាលី និងកូរ៉េខាងត្បូង៖
គួរបញ្ជាក់ថា តាមគម្រោងពានរង្វាន់នេះគឺគ្រោងនឹងប្រព្រឹត្តិទៅរយៈពេលជិត១ខែ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ស្អែកនេះហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមាន២៤ប្រទេសចូលរួម នឹងត្រូវបែងចែកចេញជា៦ពូល ក្នុង១ពូលមាន៤ក្រុម៕
អត្ថបទ៖ ណារ៉ុង