ក្រុមហ៊ុន Apple បង្ហាញ MacBook និង Apple Watch ជំនាន់ចុងក្រោយរបស់ខ្លួន

Apple Watch

ក្រោយពីបានបញ្ចេញ iPad mini Tablet ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា iPad mini 3  រួចមក ឥលូវនេះ ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវ MacBook ជំនាន់ចុងក្រោយរបស់ខ្លួនដែលមានរាងស្តើងស្អាតគួរឲ្យទាក់ភ្នែកដែលម៉ូឌែលនេះមានតែ USB-C port តែមួយគត់។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំបំផុតក្នុងលោកនេះក៏បានដាក់បង្ហាញនូវ Apple Watch ដែលជាប្រភេទនាឡិការ Smart Watch ដ៏ទំនើបក្នុងពេលដំណាលគ្នាផងដែរ ។

សូមជម្រាបថា សម្រាប់ MacBook ស៊េរីថ្មីនេះអ្នករចនាបានដក port ចេញទាំងអស់ដោយទុកតែមួយប៉ុណ្ណោះដែលមានតួនាទីសម្រាប់សាកថ្ម និងដើម្បីភ្ជាប់ទៅ Device ផ្សេងៗទៀត។ បើតាមប្រភពព័ត៌មានបានបង្ហាញថាក្រុមហ៊ុន Apple សង្ឃឹមថា MacBook ស៊េរីថ្មីនេះអាចនឹងលក់បានប្រហែលជា 450,000 គ្រឿងក្នុងពាក់កណ្តាលឆ្នាំខាងមុខចំណែក​តម្លៃវិញគឺក្នុងមួយគ្រឿងអាចមានតម្លៃចាប់ពី $1,299 ឡើងទៅ។

ងាកមកមើលផលិតផលទីពីររបស់ក្រុមហ៊ុន Apple ដែលបានបញ្ចេញស្របជាមួយនឹង MacBook  នោះគឺ Apple Watch ដែលជាប្រភេទ Smart Watch ដ៏ទំនើប និងឆ្លាតវៃ។ នាឡិកានេះអាចនឹងចេញលក់នៅថ្ងៃទី 24 ខែមេសាខាងមុខនេះដែលតាមព័ត៌មានឲ្យដឹងនោះគឺតម្លៃនឹងថ្លៃជាងគូប្រជែងរបស់ខ្លួន។ បើតាមពាក្យសម្តីរបស់លោក Tim Cook ដែលជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា៖ “ពួកយើងមិនមែនជាអ្នកផលិត MP3 ដំបូងគេនោះទេ Tablet ក៏មិនមែនយើងដែរ សូម្បីតែ Smart Phone ក៏ដូច្នេះដែរ។ ប៉ុន្តែយើងអាចនិយាយដោយមោទកភាពថា ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដំបូងគេដែលផលិតនាឡិកាទំនើបជាងគេដែលជាលក្ខណៈ Smart Watch ”។

សូមបញ្ជាក់ថា នាឡិកា Smart Watch នេះគឺអាចប្រើប្រាស់ជាមួយទូរស័ព្ទប្រភេទ iphone 5, 6 ឬ iphone 6 plus តែប៉ុណ្ណោះ។ ក្រុមហ៊ុន Apple មានក្តីសង្ឃឹមថាផលិតផលថ្មីនេះអាចនឹងទទួលបានជោគជ័យហើយ​អ្នកប្រើប្រាស់ប្រាកដជាពេញចិត្តចំពោះមុខងារក្នុងការបំពេញការងាររបស់វាជាក់ជាមិនខាន៕

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ