ប្រវត្តិខ្លះៗនៃពហុកីឡដ្ឋានជាតិអូឡាំពិកដ៏សំខាន់របស់កម្ពុជា

នូ មករា March 15, 2016


គិតមកដល់សព្វថ្ងៃនេះ ពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាហុកីឡដ្ឋានដ៏ធំជាងគេនៅកម្ពុជាមានអាយុកាលប្រមាណជាជាង៥០ឆ្នាំហើយ និងធ្លាប់បានបំពេញតួនាទីជាច្រើនក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិ។ ស្នាដៃដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ ត្រូវបានគូរប្លង់និងដឹកនាំកសាងដោយលោក វណ្ណ មូលីវណ្ណ ក្នុងឆ្នាំ១៩៦១ ក្រោមការផ្ដួចផ្ដើមរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ហើយត្រូវបានចាប់ផ្ដើមចាក់ដីបំពេញទីលាន និងទំនប់នៃពហុកីឡដ្ឋានពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦២ រហូតដល់ចុងខែមីនា ឆ្នាំ១៩៦៣ និងបានបញ្ចប់នៅក្នុងខែមេសា ឆ្នាំ១៩៦៤ ។

សំណង់នេះប្រើប្រាស់កម្មករចំនួន ៨០០ នាក់ប្រើប្រាស់ដែកក្នុងការសាងសង់អស់ចំនួន ៣០០០ តោន ស៊ីម៉ង់ត៍ចំនួន ១៤០០០ តោន និងបេតុងទាំងអស់ ៤០០០០ ម៉ែត្រត្រីគុណហើយចំណាយថវិការដ្ឋអស់ចំនួន ៣៥០ លានរៀល។ យ៉ាងណាក៏ដោយ ដោយសារតែថវិកានេះមិនគ្រប់គ្រាន់ ហេតុនេះហើយទើបសម្តេចព្រះនរោត្តម សីហនុ បានផ្ដើមគំនិតបង្កើតមូលនិធិមួយដើម្បីរកថវិកាតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋដោយពលរដ្ឋណាដែលបានជួយថវិកាចំនួន ២៨០ រៀលនោះព្រះអង្បានគប្រទានមេដាយឲ្យមួយដែលមេដាយនោះមានឈ្មោះថា មេដាយទ្រទ្រង់ការកសាងពហុកីឡដ្ឋានជាតិ នាំឲ្យការសាងសង់សរុបអស់ទឹកប្រាក់ចំនួន ៧៧៨ លានរៀល។
ពហុកីឡដ្ឋានជាតិនេះរួមមានរចនាសម្ព័ន្ធដូចជា សាលវិមានកីឡា ទីលានបាល់ទាត់ខ្នាតអន្តរជាតិដែលមានផ្លូវសម្រាប់រត់អត្តពលកម្មខ្នាតអន្តរជាតិផងដែរ។ ផ្នែកខាងកើតមានអាងហែលទឹក  និងលោតទឹក ទីធ្លាវាយកូនបាល់ជាដើម។ គួរបញ្ជាក់ថាក្នុងសាលវិមានកីឡាមានកន្លែងសម្រាប់ទស្សនាបាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសារប្រភេទកីឡា Indoor ដទៃទៀតដែលមានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន៨០០០ នាក់។ ដោយឡែកកន្លែងសម្រាប់ទស្សនាការប្រកួតបាល់ទាត់មានចំណុះមនុស្សចំនួន ៦០០០០ នាក់។

ចាប់តាំងពីបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៤រួចមក ពហុកីឡដ្ឋាននេះធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាហ្គានេហ្វូ (ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦) ក៏ដូចជាត្រូវបានប្រើប្រាស់សម្រាប់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន និងជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋព្រមទាំងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជាផងដែរ។ អ្វីដែលគួរឲ្យចងចាំនោះគឺក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ក្នុងវគ្គជម្រុះតំបន់អាស៊ីរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសឹង្ហបុរីកាលពីចុងឆ្នាំ២០១៥កន្លងទៅមានទស្សនិកជនចូលរួមទស្សនារហូតដល់ ៦០០០០ នាក់ និងត្រូវបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍និងយកទៅចុះផ្សាយជាបន្តបន្ទាប់ ហើយនៅក្នុងការប្រកួតបាល់ទាត់ជាបន្តបន្ទាប់នាពេលថ្មីៗនេះមានទស្សនិកមិនតិចជាង ៥០០០០ នាក់ទេបានចូលរួម។

នាពេលបច្ចុប្បន្ននេះ ពហុកីឡដ្ឋានជាតិអូឡាំពិកនៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការរៀបចំការប្រកួតកីឡានានា និងបានក្លាយជាទីហាត់ប្រាណលម្ហែកាយរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ៕

10986425_712417425552239_7290937686681499138_n

022 Kopie

43cdg_1

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត