ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិនឹងចាប់កំណើតជាថ្មីចុងខែនេះ

នូ មករា July 11, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ដែលខកខានមិនបានរៀបចំអស់រយៈពេលប្រមាណ ៦ឆ្នាំកន្លងទៅនោះ នឹងបង្ហាញវត្តមានលើទឹកដីកម្ពុជាជាថ្មី នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅលើទីលានក្ដារ The BLUE Sports Center ជិតកីឡដ្ឋានបាល់ទាត់វេស្ទើន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចាប់ពូលប្រកួតជើងឯកថ្នាក់ជាតិខាងលើ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកនេះគឺជាការចាប់ផ្ដើមជាថ្មី ដើម្បីជំរុញកីឡាកំពុងទទួលបានការគាំទ្រ ក៏ដូចជាលេងពីមហាជននេះឲ្យមានសក្ដានុពល និងមានលក្ខណៈស្ដង់ដារ សម្រាប់ឈានទៅរកការប្រកួតលក្ខណៈអន្ដរជាតិផ្លូវការនាពេលអនាគត ។ ឯកឧត្តមបន្ដថា វាគឺជាទិសដៅវែងឆ្ងាយរបស់សហព័ន្ធ ដែលយកព្រឹត្តិការណ៍នេះ សម្រាប់អភិវឌ្ឍន៍បាល់ទាត់ថ្នាលយុវជន ដើម្បីរួមចំណែកក្នុងដំណើរត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ តាមរយៈការកំណត់គោលដៅក្នុងការរៀបចំជានិរន្ដ និងឈានទៅរកបង្កើតលីគបាល់ទាត់ក្នុងសាល នាឆ្នាំក្រោយ ដើម្បីចម្រាញ់រកកីឡាករឆ្នើមៗ បញ្ចូលទៅក្រុមលេងលើទីលាន ១១នាក់ ។
 
 ប្រធាន FFC រូបនេះបញ្ជាក់ថា៖ «ថ្វីបើការត្រៀមរៀបចំជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិឆ្នាំនេះ កីឡាករភាគច្រើនមានអាយុច្រើនក្ដី ប៉ុន្ដែមិនប្រាកដពួកគេបានឈានទៅលេងស៊ីហ្គេម ឆ្នាំ២០២៣នោះទេ ដោយសហព័ន្ធបានកំណត់គោលដៅជាស្រេច នៅក្នុងការអភិវឌ្ឍន៍ថ្នាលយុវជន មកជំនួសកន្លែងពួកគេ តាមរយៈគម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុង ដែលសហព័ន្ធកំពុងដំណើរការជាបណ្ដើរៗនាពេលបច្ចុប្បន្ន» ។
គួរបញ្ជាក់ថា ការបើកទំព័រថ្មី នៃជើងឯកលើទីលានតូចនេះ គឺមាន ២០ក្រុមចូលរួម ហើយត្រូវបែកចែកជា ៤ពូលក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ ហើយការប្រកួតជម្រុះទៀតសោត គឺបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្រុមតាមពូលនីមួយៗត្រូវធ្វើការប្រកួតជម្រុះ ហើយក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ ត្រូវឡើងវគ្គបន្ដ ខណៈក្រុមលេខ៣ នៃពូលA និងពូលB រួមទាំងក្រុមលេខ៣ នៃពូលC និងពូលD ត្រូវជ្រើសក្រុមធ្វើបានល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់វគ្គ ១០ក្រុមចុងក្រោយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត