ស៊ន សៀវមុី ប្តេជ្ញារក្សាតំណែងមេដាយមាសសុីហ្គេមឆ្នាំនេះ ខណៈរបួសជង្គង់មិនទាន់ជានៅឡើយ

នូ មករា May 29, 2017


ភ្នំពេញ៖ កញ្ញា ស៊ន សៀវមី ដែលជាកីឡាការិនីឆ្នើមរបស់កម្ពុជាលើប្រភេទកីឡាតេក្វាន់ដូ និងជាកីឡាការិនីដំបូងគេដែលដណ្តើមបានមេដាយមាសពីការប្រកួត​​​ Asian Games នៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤ នោះបានបង្ហាញជំនឿចិត្តខ្ពស់ក្នុងការការពារតំណែងមេដាយមាសស៊ីហ្គេមនាឆ្នាំនេះ ដោយរូបគេនឹងធ្វើការប្រកួតកម្ដៅសាច់ដុំដ៏ធំនៅចុងខែមិថុនាខាងមុខ មុននឹងព្រឹត្តិការណ៍ស៊ីហ្គេមម៉ាឡេស៊ីចាប់ផ្ដើម​។
 
សូមបញ្ជាក់ថា បើទោះបីគ្រូពេទ្យកូរ៉េបានចេញវេជ្ជបញ្ជាមិនអនុញ្ញាតរូបនាងបន្តការហ្វឹកហាត់ ឬប្រកួតទៀតដោយសាររតែជង្គងរបស់នាងមានរបួស និងត្រូវការសម្រាកព្យាបាលសិនយ៉ាងណាក្ដី ក៏មហិច្ឆតាក្នុងការដណ្ដើមមេដាយមកជូនជាតិរបស់កីឡាការិនីរូបនេះមិនបានថមថយឡើយ ជាក់ស្តែង ស៊ន សៀវមុី មានការប្តេជ្ញាចិត្តខ្ពស់ទាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងការប្រកួតជ្រើសរើសជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី២៤​ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ផងដែរ ។
 
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូដែលបានបង្ហាញជំនឿចិត្តខ្ពស់ និងគាំទ្រលើការសម្រេចចិត្តរបស់ ស៊ន សៀវម៉ី នោះបានមានប្រសាសន៍ថា៖ «សៀវម៉ី អាចធ្វើបាននាងពិតជាអាច! ព្រោះនៅក្នុងស្រុកខ្មែរមានតែនាងទេដែលសមត្ថភាពខ្ពស់ ។» លោកបានបន្តថា៖ «ឆ្លងកាត់ការប្រកួតពិភពលោកនៅប្រទេសកូរ៉េលើកនេះវានឹងបន្ថែមបទពិសោធន៍ដល់កីឡាការិនី ស៊ន សៀវមី បូករួមនឹងការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ពីកីឡាការិនីផ្ទាល់ផងនោះ ។»  សម្រាប់ការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីវិញលោកយល់ឃើញថា សៀវមី អាចការពារតំណែងមេដាយមាសបាន​ ។
សូមបញ្ជាក់ថា ការប្រកួតពិភពលោកនៅប្រទេសកូរ៉េនៅចុងខែមិថុនានេះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងបញ្ជូនកីឡាករ ៣រូប និងកីឡាការិនី ៣រូប ទៅចូលរួមប្រកួត។ ជាមួយគ្នានេះដែរ ស៊ន សៀវម៉ី ក៏បាននិយាយដែរថា៖ «ហ្គេមសំខាន់ៗនេះ បានជំរុញឲ្យខ្ញុំព្យាយាមហ្វឹកហាត់ទ្វេរដង ដើម្បីស្វែងររកជ័យជម្នះមកជូនប្រទេសជាតិ និងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងខ្ញុំផ្ទាល់។ ថ្វីត្បិតការហ្វឹកហាត់គឺត្រៀមទៅស៊ីហ្គេមក៏ពិតមែន ប៉ុន្តែការប្រកួតពិភពលោក ក៏សំខាន់ដែរសម្រាប់រូបខ្ញុំ ពីព្រោះការប្រកួតពិភពលោកវាប្រជុំដោយកីឡាការិនីខ្លាំងៗមានផ្តល់បទពិសោធន៍ល្អជាច្រើន។»
 គួររំលឹកថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន ៧គ្រឿង ក្នុងនោះនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេសរុស្សីកាលពីឆ្នាំ២០១៥ ក្រោយពីដណ្តើមបានសិទ្ធិចូលរួមជាផ្លូវការ
ដោយកាលណោះកីឡាការិនីរូបនេះចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត