ស្ត្រីឆ្នើមកម្ពុជា ហេង សៀវឡាង ឈ្នះជើងឯកក្នុងការប្រកួតកីឡាប្រណាំងកង់អន្តរជាតិនៅបូកគោ

នូ មករា May 9, 2017


ភ្នំពេញ៖ កីឡាការិនីប្រណាំងកង់ល្អជាងគេនៅក្នុងប្រទេសកម្ពុជា អ្នកស្រី ហេង សៀវឡាង បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាការិនីមកពី ៩ប្រទេសជុំវិញពិភពលោក ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើកដំបូងដែលបានប្រារព្ធធ្វើឡើងនៅលើភ្នំបូកគោកាលពីសប្តាហ៍មុននេះ។ ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា រួចមកកីឡាការិនីឆ្នើមរូបនេះបានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាជិះពីជើងភ្នំមកកំពូលភ្នំចម្ងាយ ៣០គីឡូម៉ែត្រ និងជិះចម្ងាយ ៥១គីឡូម៉ែត្រ។


ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី ហេង ស៊ីវឡាង ក្លាយជាកំពូលអ្នកជិះកង់ (King of the Mountain) ប្រចាំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១ នៅកំពូលភ្នំបូកគោ។ សូមបញ្ជាក់ថា ក្នុងរយៈចម្ងាយ ៣២គីឡូម៉ែត្រដោយជិះពីក្រោមភ្នំឡើងមកលើភ្នំនោះ រូបគេបានឈ្នះក្នុងចំណោមកីឡាការិនី ៥រូបដែលបានចូលរួមមាន៖ កម្ពុជា ម៉ាឡេស៊ី និងថៃ ហើយក្នុងនោះកីឡាការិនីរបស់ប្រទេសម៉ាឡេស៊ីជាជម្រើសជាតិផងដែរបានចូលរួមប្រកួតជាមួយអ្នកស្រី ប៉ុន្តែមិនអាចឈ្នះអ្នកស្រីបានឡើយ ខណៈដែលកីឡាការិនីថៃ បានបោះបង់សិទ្ធិប្រកួតចោលទៅវិញ។ ចំពោះថ្ងៃចុងក្រោយនៃការប្រកួតរយៈចម្ងាយ ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដែលជិះនៅលើភ្នំចុះក្រោមព័ទ្ធជុំវិញឡើងមកលើភ្នំវិញលេខ១ ក៏បានទៅលើកីឡាការិនី ហេង សៀវឡាង មកពីក្រុមកង់ហោះដែរ (Flying Bikes) ដោយប្រើពេល ១ម៉ោង៣២ នាទី៤៩ វិនាទីទៀត, លេខ២ បានលើកីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ដែរប្រើពេល ១ម៉ោង៤១នាទី៤៣វិនាទី និងលេខ៣ បានទៅកីឡាការិនី Lim Pek Yen មកពីប្រទេសម៉ាឡេស៊ី និងជាកីឡាការិនីជម្រើសជាតិដោយប្រើពេល ១ម៉ោង៤១នាទី១វិនាទី។ បូកសរុបទាំងពីរថ្ងៃ គណៈកម្មការរៀបចំខ្មែរ និងម៉ាឡេស៊ី បានវាយតម្លៃឱ្យអ្នកនាង ហេង សៀវឡាង ជាប់ជ័យលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោប្រចាំឆ្នាំ២០១៧នេះ ។

នារីដែលស្រលាញ់ការប្រណាំងកង់ និងធ្លាប់បានលើកមុខមាត់ជាតិនាពេលកន្លងមកនោះបានបង្ហើបថា៖ »សម្រាប់ការប្រណាំងកង់លើភ្នំនេះ ជួបការលំបាកដូចជាធ្វើឱ្យតឹងជើងជាដើម ដូច្នេះមុនការប្រកួតយើងត្រូវធ្វើការហ្វឹកហាត់ប្រហែលរយៈពេលមួយអាទិត្យឬពីរអាទិត្យ ហើយសម្រាប់លើទឹកដីលើភ្នំនេះយ៉ាងហោចឱ្យពីរបីដងដែរ ទើបធ្វើឱ្យសាច់ដុំជើងមិនឈឺ និងសាំជើង។» រូបគេបានថ្លែងបន្ថែមថា៖ «តាមធម្មតាផ្លូវឡើងភ្នំ ខ្ញុំមិនសូវពូកែប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំមានការហ្វឹកហាត់បានប៉ុន្មានដងដែរ ទើបមិនពិបាក ។»

សូមរំលឹកថា អ្នកនាង ហេង សៀវឡាង បានធ្លាប់ដណ្តើមជ័យលាភីលេខ១ ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ ៣២គីឡូម៉ែត្រ កាលពីឆ្នាំ២០១៣។ នាងក៏បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ជិះចម្ងាយ ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ ឆ្នាំ២០១៦ផងដែរ ។ ដោយឡែកចំពោះកម្មវិធីប្រកួតប្រណាំងកង់បើកទូលាយនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៦ លើចម្ងាយផ្លូវ១០៥គីឡូម៉ែត្រវិញក្នុងចំណោមកីឡាករ កីឡាករិនីចូលរួមសរុបប្រមាណ ៣,០០០នាក់ អ្នកស្រីហេង សៀវឡាង បានឈ្នះជ័យលាភីលេខ១ ផ្នែកនារីដោយប្រើពេល ២ម៉ោង ៤២នាទី។ ប៉ុន្តែក្នុងកម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល នាងបែរជាបានត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីដើមឆ្នាំ២០១៧ នេះ។ យ៉ាងណាក៏ដោយកាលីឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី នាងបានឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រួចទៅហើយ ប៉ុន្តែដោយសារគ្រោះអកុសល នាងមិនឈ្នះលេខ១ បានដោយសារមកពីកីឡាការិនី ជនជាតិវៀតណាមមានចេនាកៀរឲ្យ ហេង ស៊ីវឡាង ដួលទើបមិនអាចយកមេដាយមាសជូនជាតិកាលនោះ។ កន្លងមកថ្មីៗ នាងទើបតែមកហ្វឹកហាត់ពីប្រទេសប្រទេសកូរ៉េ ក្រោមការជួយជ្រោមជ្រែង គណៈកម្មកាជាតិអូឡាពិកកម្ពុជា និងសហព័ន្ធដើម្បីចង់ឱ្យ ហេង សៀវឡាង អាចមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត