អាស៊ានឯកភាពបន្ថយអាយុក្រុមបាល់ទាត់ក្នុងការប្រកួតជើងឯកស៊ីហ្គេមឆ្នាំនេះ

នូ មករា February 23, 2017


ភ្នំពេញ៖ ក្រោយឆ្លងកាត់កិច្ចប្រជុំជាច្រើនលើករួចមក សមាជិកកីឡាអាស៊ានទាំង ១១ប្រទេស បានឯកភាពគ្នាលើវិញ្ញាសាថ្មី នៃកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ផ្លូវការហើយ បន្ទាប់ពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រេចបន្ថយអាយុក្រុមបាល់ទាត់ទាំងអស់ពីក្រោមអាយុ ២៣ឆ្នាំ មកក្រោមអាយុ ២២ឆ្នាំវិញ ។ នេះបើតាមសម្ដីលោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំនាយបេសកកម្មកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍មុន ។

លោក ញ៉ាន សុខវិសាល បានបញ្ជាក់ថា កន្លងមកការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ាននេះ គឺប្រកួតដណ្ដើមជើងឯកក្រោមអាយុ ២៣ឆ្នាំ ប៉ុន្ដែសម្រាប់ស៊ីហ្គេម លើកទី២៩ ដែលគ្រោងធ្វើឡើងលើទឹកដីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខនេះ គឺសមាជិកទាំងអស់ បានឯកភាពតាមកំណែទម្រង់របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ហើយ ដោយទម្លាក់អាយុក្រោមកក្រោម ២២ឆ្នាំវិញ ។ ហើយក្រៅពីបាល់ទាត់ ក៏មានកីឡាមួយចំនួនតូច ត្រូវបានបន្ថយអាយុដូចគ្នា ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ស៊ីហ្គេម ឆ្នាំ២០១៧នេះ ម្ចាស់ផ្ទះម៉ាឡេស៊ី បានសម្រេចដាក់ប្រភេទកីឡាចំនួន ៣៨ប្រភេទ សម្រាប់ធ្វើការប្រកួតដណ្ដើមមេដាយលើប្រភេទវិញ្ញាសាសរុបចំនួន ៤០៥វិញ្ញាសា គ្រាដែលកម្ពុជា ក៏បានត្រៀមបញ្ជូនកីឡាជាង ២០ប្រភេទទៅចូលរួមផងដែរ ដែលភាគច្រើនសុទ្ធសឹងជាប្រភេទកីឡាមានសក្ដានុពល ក្នុងនោះក៏មានវត្តមានក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត