រឿងរ៉ាវក្នុងសហព័ន្ធយូដូកាន់តែធ្ងន់ធ្ងរហើយ ខណៈសាលហ្វឹកហាត់ត្រូវបានប្រើប្រាស់យ៉ាងអាណាធិបតេយ្យ

នូ មករា February 22, 2017


ភ្នំពេញ៖ រឿងរ៉ាវរបស់សហព័ន្ធកីឡាយូដូកម្ពុជាពេលនេះកាន់តែឈានទៅធ្ងន់ធ្ងរឡើងៗហើយបន្ទាប់ពីលោកវ៉ាត់ ចំរើនបានធ្វើការស្ទាបស្ទង់មួយជាមួយស្ថាបនិក ព្រឹទ្ធាចារ្យយូដូហើយជាលទ្ធផលគេបានឯកភាពគ្នាធ្វើមហាសន្និបាតដើម្បីជ្រើសរើសសមាជិកប្រតិបត្តិថ្មីដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនោះ ។ ការជួបជុំគ្នាកាលនោះលោកឡាច រិទ្ធី ដែលជាប្រធានសហព័ន្ធចាស់បានអវត្តមាន ហេតុនេះលោកវ៉ាត់ ចំរើនបានព្យាយាមបើកការប្រជុំចង្អៀតមួយដើម្បីស្រាយជម្លោះដែលកើតឡើងរវាងលោកឡាច រិទ្ធី ដែលជាប្រធានសហព័ន្ធជាមួយអនុប្រធានទាំង ២ គឺលោកអ៊ឹម សុខា និង លោកម៉ៅ សុវឌ្ឍន៍ ។

លោកអនុប្រធានទាំង ២បានសរសេរលិខិតមកគណៈកម្មាធិការជាតិអូឡាំពិកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ថា ការដឹកនាំរបស់ប្រធានមានលក្ខណៈអត្តនោម័ត គ្រួសារនិយម គ្មានការប្រជុំប្រចាំខែ ត្រីមាស ជាហេតុនាំឲ្យសមាជិកជាច្រើនមិនដឹងពីផែនការ និងគ្មានពត៌មាន ជាមួយគ្នានេះបច្ចេកទេសក៏មានការធ្លាក់ចុះដោយមូលហេតុការហ្វឹកហាត់ខ្វះគុណភាព ទាមទារឲ្យមានការចូលរួមពីគ្រូជាតិ អន្តរជាតិ ព្រមទាំងខ្វះផែនការពង្រឹងពង្រីកក្លិបឲ្យបានច្រើនថែមទៀត ។ ជាមួយនឹងការលេចចេញនូវពាក្យបណ្ដឹងនេះនៅថ្ងៃទី២៣ ខែមករាកន្លងមក លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចព្យួរសមាជិកភាពសហព័ន្ធយូដូ ដោយតម្រូវឲ្យសហព័ន្ធ ក្លិប សមាគមព្រឹទ្ធាចារ្យ និង គ្រូរួមគ្នាសម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយដើម្បីរក្សានិរន្តរភាពការងាររដ្ឋបាល បច្ចេកទេសជាបណ្ដោះអាសន្ន ។

លោកវ៉ាត់ ចំរើនបានបង្ហើបឲ្យដឹងថាការប្រជុំចង្អៀតដើម្បីបញ្ចប់វិបត្តិកាលពីសប្ដាហ៍មុនមិនបានទទួលជោគជ័យឡើយព្រោះពួកគេពុំព្រមផ្លាស់ប្ដូរឥរិយាបទ ។លោកបញ្ជាក់ថាអូឡាំពិកមិនមានសិទ្ធលូកដៃចូលទៅក្នុងកិច្ចការរបស់សហព័ន្ធឡើយតែអូឡាំពិកមានសិទ្ធិព្យួរសមាជិកភាព ។ លោកបានព្រមានថាប្រសិនបើរកដំណោះស្រាយមិនបានទេនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបង្ខំចិត្តជំរុញឲ្យរៀបចំមហាសន្និបាតឲ្យខាងតែបាន ព្រោះពេលវេលាសម្រាប់ឆ្នាំ២០២៣នៅមិនយូរទេឆ្នាំ២០១៧ មិនមែនជាឆ្នាំដែលត្រូវធ្វើការច្រំដែលនោះទេតែជាឆ្នាំត្រូវគិតគូពីបច្ចេកទេស ។ បើមិនដោះស្រាយជម្លោះតាមរយៈមហាសន្និបាតទេនឹងត្រូវព្យួររហូតហើយ ។ ក្រោយមកនៅថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញនេះគេឃើញនៅសាលហ្វឹកហាត់យូដូជម្រើសជាតិស្រាប់តែលេចចេញតុបាយដាក់នៅលើកម្រាលហ្វឹកហាត់ដែលមានតម្លៃថ្លៃសម្រាប់កម្រាលហ្វឹកហាត់បែបនេះសូម្បីតែស្បែកជើងក៏គេមិនអនុញ្ញាតឲ្យពាក់ឆ្លងកាត់ដែរ ។សកម្មភាពបែបនេះទំនងជាទង្វើមួយដែលសហព័ន្ធចំអកឲ្យអូឡាំពិក ។ គួរបញ្ជាក់ថាសម្រាប់សាលហ្វឹកហាត់នេះមិនមែនជារបស់គណៈកម្មាធិការជាតិអូឡាំពិកឡើយតែជាកម្មសិទ្ធរបស់ក្រសួងអប់រំយុវជន និង កីឡា ។

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាពេលនេះកីឡាយូដូត្រូវបានព្យួរមិនធ្វើការប្រមូលផ្ដុំឡើយព្រោះសហព័ន្ធនេះគ្មាសុពលភាពដោយសារគណៈកម្មាធិការជាតិអូឡាំបិកកម្ពុជាព្យួរសមាជិកភាព ។ ចំពោះករណីដែលយកតុបាយទៅដាក់លើកម្រាលពីសសម្រាប់ហ្វឹកហាត់នោះលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយនិង កីឡាបន្ទោសថានេះជាការមិនឲ្យតម្លៃខ្លួនឯងហើយទើបគេធ្វើបែបនេះ ហើយវាជាការបំផ្លាញខ្លួនឯងយ៉ាងពិតប្រាកដ ។ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបាននិយាយដោយស្លូតថាយើងនឹងកត់ត្រាទុកនូវរាល់ទង្វើរបស់សហព័ន្ធជាតិមួយនេះ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត