គ្រូ EDC ថាមាន ៤ក្រុមជាឧបសគ្គដណ្ដើមជើងឯក League-II បន្ទាប់ពីក្រោន និងបឹងកេតដកខ្លួន

លី រិទ្ធី September 19, 2016


ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) បានលើកឡើងថា បន្ទាប់ពីក្រុមយុវជននៃក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេតអង្គរ បានដកខ្លួនចេញពីការប្រកួតក្របខណ្ឌលីគលំដាប់ទី២ ឬ League-II គឺនៅមាន ៤ ក្រុមទៀត ដែលជាឧបសគ្គធំក្នុងការប្រជែងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិលើកដំបូងនេះ ក្នុងនោះមានក្រុមបាល់ទាត់ខេត្តស្វាយរៀង, ខេត្តសៀមរាប, កងយោធពលខេរភូមិន្ទ និងក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ។

អតីតគ្រូបង្វឹកក្រុមបឹងកេតអង្គររូបនេះ បានបញ្ជាក់ថា ដំបូងឡើយលោកគិតថា ការបង្ហាញវត្តមានលើកដំបូងក្នុង League-II នឹងមានឧបសគ្គច្រើន ព្រោះក្រុមលោកទើបបង្កើត ហើយគូប្រជែងដូចជាយុវជនភ្នំពេញក្រោន បឹងកេតអង្គរ និងក្រសួងការពារជាតិជាដើម សុទ្ធតែជាក្រុមមានបទពិសោធន៍យូរឆ្នាំ ដូច្នេះលោកមិនសូវមានក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងតំណែងជើងឯក និងដណ្ដើមកៅអីលីគកំពូលកម្ពុជា នាឆ្នាំ២០១៧នោះទេ។

14423609_891425360989418_384747843_o

ប៉ុន្ដែបន្ទាប់ពីក្រុមយុវជនភ្នំពេញក្រោន និងបឹងកេតអង្គរ ប្រកាសមិនចូលរួម បានធ្វើឲ្យលោកមានសង្ឃឹមខ្ពស់ក្នុងប្រជែងជាមួយក្រុមដទៃ តែលោកមិនទាន់មានជំនឿចិត្តខ្ពស់នោះទេ ដោយមានក្រុមជើងខ្លាំង ៣ក្រុមទៀត ក៏មានបទពិសោធន៍ និងកីឡាករមានសមត្ថភាពមិនចាញ់ក្រុមទាំងពីរខាងលើដែរ គឺក្រុមបាល់ទាត់ខេត្តស្វាយរៀង, ខេត្តសៀមរាប, កងយោធពលខេរភូមិន្ទ និងក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ដូច្នេះលោកត្រូវត្រៀមខ្លួនឲ្យបានល្អជានិច្ច ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។

លោក ប្រាក់ វុទ្ធី បានបន្ថែមថា «តាមពិតទៅយើងបានត្រៀមខ្លួនពីដំបូង ដើម្បីទប់ទល់ជាមួយក្រុមភ្នំពេញក្រោន និងបឹងកេតអង្គរ ប៉ុន្ដែដល់ពេល ២ក្រុមនេះដល់ខ្លួនពី League-II យើងក៏បន្ថយសម្ពាធដែរ ។ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍ គឺក្រុមស្វាយរៀង ក្រុមអង្គ FC(ខេត្តសៀមរាប), កងយោធពលខេរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ ដែលយើងមើលឃើញថាមានធនធានកីឡាករល្អ ។ អញ្ចឹងយើងគិតថា ៤ក្រុមនេះ គឺជាឧបសគ្គក្នុងការប្រកួតនាពេលខាងមុខនេះ ប៉ុន្ដែយើងជឿជាក់ទៅលើការខិតខំរបស់កីឡាករយើង…» ។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌ League-II លើកដំបូងនេះ គឺមាន ៩ក្រុមចូលរួម ដូចជាក្រុមបាល់ទាត់ខេត្តស្វាយរៀង, ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, កងយោធពលខេរភូមិន្ទ, គិរីវង់សុខសែនជ័យ, សាលាបាល់ទាត់ជាតិទន្លេបាទី, អគ្គីសនីកម្ពុជា និងក្រុមបាល់ទាត់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ហើយការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយប្រើរូបមន្ដប្រកួតវិលជុំមួយជើង ។ ចំពោះក្រុមជើងឯកលេខ១ និងលេខ២ ប្រចាំព្រឹត្តិការណ៍នេះ នឹងទទួលបានកៅអីចូលរួមប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដោយស្វ័យប្រវត្តិ ប៉ុន្ដែប្រសិនបើក្រុមលេខ១ ឬលេខ២នោះ ជាក្រុមនៃក្លឹប ឬសមាគម ដែលមានក្រុមកំពុងលេងលីគកំពូលកម្ពុជា គឺមិនអនុញ្ញាតឲ្យចូលរួមនោះទេ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងជ្រើសរើសក្រុមចំណាត់ថ្នាក់បន្ទាប់មកជំនួសវិញ ។ នេះជាការកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចេញសេចក្ដីជូនដំណឹងកាលពីពេលថ្មីៗកន្លងទៅ ៕

14339465_891425374322750_372209077_o

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត