រដ្ឋមន្ដ្រីក្រសួងការងារមានមហិច្ឆតាបង្កើតក្រុមបាល់ទាត់លេងក្នុងលីគកំពូលកម្ពុជា

នូ មករា August 15, 2016


ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហើបឲ្យដឹងពីមហិច្ឆតាដ៏ធំមួយដោយក្រសួងមានគម្រោងបង្កើតក្រុមបាល់ទាត់កម្រិតអាជីពមួយក្រុម សម្រាប់ត្រៀមចូលរួមពានរង្វាន់ថ្នាក់ជាតិពិសេសគឺការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាតែម្ដង ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាមួយរាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ជំរុញវិស័យកីឡាជាខ្លាំង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។

IMG_0233

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ដ្រីរូបនេះ បានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទី២ នៅលើទីលាន Real Soccer កាលពីចុងសប្ដាហ៍កន្លងទៅខណៈតំណែងជើងឯកបានទៅក្រុមវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រោយយកឈ្នះក្រុមអគ្គនាយកដ្ឋានពេទ្យការងារដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ ។ យ៉ាងណាមិញពាននេះក៏ជាទិសដៅក្រសួងសម្លឹងមើលកីឡាករមានសមត្ថភាពបង្កើតជាក្រុមអាជីពផងដែរ ។

IMG_0302

ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «យើងមានមហិច្ឆតាចង់បង្កើតក្រុមមួយ ដើម្បីលេងពានកម្រិតអាជីព ឬលីគកំពូលកម្ពុជាប៉ុន្ដែសំខាន់យើងគិតពីធនធានមនុស្ស និងកម្រិតបច្ចេកទេសរបស់កីឡាករយើងទៅរួច ឬមិនរួច អុីចឹងយើងត្រូវចាប់ផ្ដើមពីចលនាមហាជននេះជាមុនសិន ។ ម្យ៉ាងវិញទៀត យើងត្រូវគៀងគរធនធានទាំងកីឡាករ និងថវិកាដើម្បីទ្រទ្រង់ក្រុមមួយឲ្យមានលំនឹង ប៉ុន្ដែខ្ញុំ និងសហការីពិតជាមានមហិច្ឆតាបែបនេះ» ។

IMG_0266

ទោះជាយ៉ាងណាក្រសួង នៅមិនទាន់កំណត់គោលដៅច្បាស់លាស់ពីការបង្កើតក្រុមអាជីពនេះនៅឡើយទេ គ្រាន់តែឯកឧត្តមរដ្ឋមន្ដ្រីបានប្រកាសយ៉ាងមុតមាំថា នៅឆ្នាំក្រោយ និងឆ្នាំបន្ដបន្ទាប់ ក្រសួងនឹងពិនិត្យភាពជាក់ស្ដែងរបស់កីឡាករហើយខិតខំបណ្ដុះបណ្ដាលធនធានកីឡាករវ័យក្មេងតាមអង្គភាពពាក់ព័ន្ធរបស់ក្រសួង ដើម្បីជ្រើសរើសកីឡាករវ័យក្មេងដែលមានសមត្ថភាពមកបង្កើតជាក្រុមកម្រិតអាជីពមួយនាថ្ងៃអនាគត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត