គ្រូបឹងកេតអង្គរថា របួស ហុង ផេង សូម្បីក្រុមជម្រើសជាតិកម្ពុជាក៏ប៉ះពាល់ដែរ

គឹមហុក August 9, 2016


ភ្នំពេញ៖ ក្លឹបបឹងកេតអង្គរ បានបាត់បង់កីឡាករឆ្នើម ២ រូបទៀតហើយ គឺខ្សែការពារ ហុង ផេង និងខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែលរងរបួសជើងដូចគ្នា ក្នុងអំឡុងពេលជួបក្លឹប ណាហ្គាវើល កាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឲ្យគ្រូបង្វឹកលោក ប្រាក់ សុវណ្ណារ៉ា កើតក្ដីកង្វល់ស្របពេលក្លឹប បឹងកេត ត្រូវការឈ្នះដាច់ខាត ៣ ប្រកួតចុងក្រោយ។ ប៉ុន្ដែលោកថា អវត្តមានរបស់ពួកគេ មិនត្រឹមតែធ្វើឲ្យក្លឹបជួបការលំបាកនោះទេ គឺថែមទាំងប៉ះពាល់ដល់ក្រុមជម្រើសជាតិកម្ពុជាទៀតផង ពិសេសគឺខ្សែការពារដ៏រឹងមាំ ហុង ផេង តែម្ដង ។

Hong Phengហុងផេង

Khuon Laboravyឃួន ឡាបូរាវី

លោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ថា ហុង ផេង និង ឃួន ឡាបូរ៉ាវី ត្រូវសម្រាករយៈពេល ៣ សប្ដាហ៍ដូចគ្នា មិនអាចបង្ហាញវត្តមានលើទីលានបានទេ ទោះបីពួកគេចង់លេង ឬ ៣ ប្រកួតចុងក្រោយសំខាន់យ៉ាងណាក៏ដោយ។ ប៉ុន្ដែអ្វីលោកព្រួយបារម្ភខ្លាំង គឺ ហុង ផេង ដោយសារស្ថានភាពរបួសគេធ្ងន់ជាង ឃួន ឡាបូរ៉ាវី ហើយគេជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិ ដូច្នេះលោកចង់ឲ្យគេសម្រាកព្យាបាលដោយយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមជួយក្រុមជម្រើសជាតិនាពេលខាងមុខ ។

គ្រូបង្វឹកវ័យ ៤៣ ឆ្នាំរូបនេះ បាននិយាយថា «យើងដឹងហើយថា ហុង ផេង មិនត្រឹមតែនៅក្លឹបបឹងកេតអង្គរនោះទេ សូម្បីតែក្រុមជម្រើសជាតិ ក៏គាត់ជាជម្រើស ១១នាក់ដំបូងដែរ។ ដូចនេះការបាត់បង់គាត់ វាជាការសោកស្ដាយ ហើយក៏ប៉ះពាល់ដ៏ក្រុមខ្លះដែរ…! ។ ប៉ុន្ដែទោះជាយ៉ាងណាសូមកុំឲ្យតែប៉ះពាល់ដល់ក្រុមជម្រើសជាតិទៅបានហើយ ព្រោះជម្រើសជាតិ នៅសល់កម្មវិធីច្រើនទៀត ពិសេសត្រូវថែទាំពួកគេឲ្យល្អមែនទែន» ។

Prak Sovannaraលោក ប្រាក់ សុវណ្ណារ៉ា

អតីតគ្រូបង្វឹក្លឹបណាហ្គាវើលដដែលរូបនេះ បានឲ្យដឹងទៀតថា សម្រាប់ការបាត់បង់កីឡាករឆ្នើមទាំងពីរ គឺលោកសោកស្ដាយខ្លាំងចំពោះ ហុង ផេង ដោយសារក្លឹបបឹងកេតអង្គរបច្ចុប្បន្ន កំពុងខ្វះខាតខ្សែការពារ។ ចំណែកកីឡាករ ឃួន ឡាបូរ៉ាវី ទោះបីជាកីឡាករសំខាន់ ប៉ុន្ដែក្លឹបនៅមានខ្សែប្រយុទ្ធជាច្រើនទៀត សម្រាប់ជំនួសកន្លែងគេ ដូចជាកីឡាករ ចាន់ វឌ្ឍនាកា, OMOGBA និង GBENGA ជាដើម ។ ប៉ុន្ដែយ៉ាងណាលោកនៅតែមានជំនឿចិត្តដើម្បីយកឈ្នះការប្រកួត ៣ ប្រកួតចុងក្រោយ ព្រោះលោកជឿជាក់លើកូនក្រុមរបស់ខ្លួន ។

គួរបញ្ជាក់ថា ហុង ផេង បានរងរបួសរហែកសរសៃពួរជង្គង់ អំឡុងពេលជួយក្រុមប្រកួតស្មើក្រុមណាហ្គាវើល ០-០ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយត្រូវបានប្ដូរជំនួសដោយអតីតកីឡាករជម្រើសជាតិ ទូច បញ្ចរ៉ុង ភ្លាមៗ។ ចំណែកកីឡាករ ឃួន ឡាបូរ៉ាវី ក៏បានរងរបួសកជើង បន្ទាប់ពីផ្លាស់ប្ដូរចូលនៅចុងតង់ទី២ ក្នុងការប្រកួតនេះដែរ ហើយគ្រូពេទ្យជំនាញបានបញ្ជាក់ថា របួសពួកគេយ៉ាងហោចណាស់ ក៏ត្រូវសម្រាករយៈពេល ៣សប្ដាហ៍ដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត