កម្ពុជា​ត្រៀមចូលរួមប្រកួតពាន ​Homeless​ World​ Cup​ ជាលើកទី៩ នៅ​ស្កុតឡែន

នូ មករា July 6, 2016


ភ្នំពេញ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ អង្គការ Happy Football Cambodia Australia (HFCA) នឹងបញ្ជូនក្រុមកីឡាករគ្មានផ្ទះសម្បែងកម្ពុជា ៥នាក់ ទៅចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ជនអនាថាពិភពលោក (Homeless World Cup) ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាសប្ដាហ៍ក្រោយនេះតទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីការប្រកួតដែលស្ថិតក្រោមការឧបត្ថម្ភធំរបស់ក្រុមហ៊ុន Smart នៅទីស្នាក់ការក្រុមហ៊ុនកាលពីព្រឹកមិញនេះ លោក Paraic Grogon នាយកអង្គការ HFCA បានមានប្រសាសន៍ថា ក្រុមបាល់ទាត់កម្ពុជា ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ៨លើករួមកហើយប៉ុន្ដែមិនសូវទទួលបានល្អនោះទេ តែទោះជាយ៉ាងនេះក្ដីលោកនៅតែសប្បាយចិត្តក្នុងការជំរុញពួកគេឆ្ពោះទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។

photo_2016-07-06_14-20-42

លោកបានលើកឡើងថា៖ «ការចូលរួមនេះ មិនអាស្រ័យលើលទ្ធផលយ៉ាងណានោះទេ ហើយយើងក៏មិនរំពឹងទទួលបានលទ្ធផលបែបណាដែរប៉ុន្ដែនេះគឺជាឱកាសដែលកីឡាករកម្ពុជាត្រូវបញ្ចេញសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ខ្លួន។ អ្វីដែលពិសេសគឺដើម្បីបង្ហាញពីអត្ដសញ្ញាណជាតិខ្មែរឲ្យពិភពលោកបានស្គាល់ ព្រោះប៉ុន្មានឆ្នាំមុន គេមិនទាន់ស្គាល់ប្រទេសកម្ពុជានោះទេទើបតែកម្ពុជាយើងបានចូលរួមប៉ុន្មានឆ្នាំមកនេះ ទើបគេស្គាល់កម្ពុជាកាន់តែច្បាស់» ។

នាយកអង្គការរូបនេះ បានបន្ដថា សម្រាប់ការចូលរួមជាលើកទី៩នេះដែរ ក្រុមបាល់ទាត់កម្ពុជាត្រូវប្រឈមមុខជាមួយក្រុមកីឡាករជនគ្មានផ្ទះសម្បែងជាង ៥០ប្រទេសផ្សេងទៀត។ ដោយឡែកសមាភាពកីឡាករកម្ពុជា រួមមានកីឡាករ ម៉ែន រ៉ាម៉ៅ, ឡុង សុភារិទ្ធ, រឿង ណារ៉ាត់, ចាន់ មិនា និងកីឡា កែវ សាង ដែលដឹកនាំដោយគ្រូបង្វឹកលោក ចៅ វិបុល ។

photo_2016-07-06_14-20-49

គួរបញ្ជាក់ថា ពានរង្វាន់ Homeless World Cup នេះ បង្កើតឡើងតាំងពីឆ្នាំ២០០៣មកម៉្លេះ ដោយបច្ចុប្បន្នមានក្រុមចូលរួមកើនដល់ជាង ៥០ប្រទេស។ ចំពោះលក្ខខណ្ឌប្រកួតវិញគឺប្រកួតប្រហាក់ប្រហែលលើទីលានបាល់ទាត់ហ្វូតសាល ដោយប្រកួត ១៤នាទី ពោលគឺ ៧នាទីក្នុងមួយតង់ខណៈក្រុមនីមួយៗអនុញ្ញាត្តិឱ្យកីឡាករចូលលេងម្ខាង ៤នាក់ ។ កាលពីឆ្នាំ២០១៥ មាន ៤៨ក្រុមចូលរួមជាមួយគ្នានោះកម្ពុជាជាប់លេខ៣៦ គ្រាដែលជើងឯកបានទៅក្រុមម៉ិចស៊ិកកូនោះ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត