ក្រុមយុវជននៃក្លឹបកំពូលទាំង ៤ នឹងប្រជែងគ្នាក្នុងកម្មវិធី Smart RSN Youth Competition

នូ មករា May 12, 2016


ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំមកពីក្លឹបខ្លាំងៗទាំង៤ នៅក្នុងប្រទេសកម្ពុជានឹងត្រូវប្រជែងគ្នានៅក្នុងកម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អ អេស អិន ឬ Smart RSN Youth Competition ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែឧសភា រហូតដល់ខែមិថុនាឆ្នាំ២០១៦ខាងមុខនេះហើយ។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១២ ខែឧសភា នៅក្នុងបរិវេណនៃកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនដែលមានការចូលរួមពីតំណាងក្លឹបទាំង ៤បានឱ្យដឹងថាកម្មវិធីប្រកួតដែលត្រូវបានគាំទ្រ និងអនុញ្ញាត្តដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះបានទទួលការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរសព្ទចល័ត Smart រួមជាមួយនឹងដៃគូសហការដទៃទៀតដោយនឹងមានការចូលរួមពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំមកពីក្លឹបភ្នំពេញក្រោន ក្លឹបបឹងកេតអង្គរ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបការពារជាតិ ហើយពួកគេនឹងត្រូវប្រជែងគ្នានៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៨.០០ ព្រឹក ដោយក្រុមទាំងអស់នឹងត្រូវប្រកួតគ្នាចំនួន ២ លើកផងដែរ។

លោក Sam គ្រូបង្គោលក្លឹបភ្នំពេញក្រោនបានបញ្ជាក់ឱ្យដឹងថា៖ «ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមយុវជនបានចូលរួមការប្រកួតដ៏ល្អមួយព្រមទាំងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងនោះ ក្លឹបភ្នំពេញក្រោន រួមជាមួយក្លឹបទាំង៣ផ្សេងទៀតបានបានរួមគ្នាក្នុងការបង្កើតឡើងនូវកម្មវិធីនេះដើម្បីធ្វើយ៉ាងណាឱ្យយុវជនរបស់យើងមានឱកាសក្នុងការបញ្ចេញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗល្អៗពីការប្រកួតនេះ។ តាមពិតទៅយើងគិតច្រើនលើសពីនេះ ប៉ុន្តែប្រហែលអាចមកពីពេលវេលាខ្លីពេលទើបក្លឹបដទៃទៀតមិនបានបញ្ជូនក្រុមយុវជនរបស់ខ្លួនមក ខ្ញុំសង្ឃឹមថា នៅការប្រកួតលើកក្រោយទៀតនឹងមានក្លឹបចូលរួមច្រើនជាងនេះ និងមានការឧបត្ថម្ភកាន់តែច្រើនថែមទៀត ព្រោះប្រសិនបើយើងទទួលបានជោគជ័យនោះយើងក៏អាចឈានដល់ការអញ្ជើញក្រុមយុវជនមកពីប្រទេសដទៃដូចជា ជប៉ុន ម៉ាលេស៊ី ឬប្រទេសផ្សេងៗទៀតមកចូលរួមបាន។»

សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់យុវជនស្មាត អ អេស អិន នឹងបែងចែកជាការប្រកួតយុវជនអាយុក្រោម ១៩ ឆ្នាំ, យុវជនអាយុក្រោម ១៥ ឆ្នាំ, យុវជនអាយុក្រោម ១២ ឆ្នាំ នឹងក្រុមបាល់ទាត់នារីផងដែរ។ ចំពោះការប្រកួតយុវជនអាយុក្រោម ១៩ ឆ្នាំក្រុមទាំងអស់នឹងជួបគ្នាចំនួន ២ ដងហើយក្រុមនីមួយៗអាចមានសិទ្ធិដាក់កីឡាករអាយុក្រោម ១៩ឆ្នាំ ចំនួន ៣ រូបដែលមានឈ្មោះក្នុងការប្រកួតលីកកំពូលកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីកបាន។ នៅក្នុងការប្រកួតយុវជនអាយុក្រោម ១៩ឆ្នាំនេះដែរក៏នឹងមានការជ្រើសរើសកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ (Top Scorer) និងកីឡាករល្អជាងគេ (Most Valuable Player Awards) ក្រោយពេលបញ្ចប់ការប្រកួតផងដែរ។

ដោយឡែកសម្រាប់ការប្រកួតយុវជនអាយុក្រោម ១៥ ឆ្នាំ វិញនឹងមាន ១០ ក្រុមចូលរួមដោយក្រុមម្ខាងៗ មានសមាជិក ៩ រូប។ ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ នឹងមាន ៤ ក្រុម (ក្រុមផ្សេងទៀងអាចចូលរួមបានបន្ថែមប្រសិនបើទាក់ទងជាមួយក្លឹប) ព្រមទាំងការប្រកួតផ្នែកនារីនឹងមាន ៨ក្រុមហើយប្រភេទអាយុទាំងពីរនឹងលេងម្ខាងៗចំនួន ៦ រូប ហ់ើយសម្រាប់ការប្រកួតបើកឆាកដំបូងគឺជាជំនួបរវាងក្រុមយុវជនភ្នំពេញក្រោន និងក្រុមយុវជនបឹងកេតអង្គរដែលនឹងត្រូវប្រកួតនាថ្ងៃសៅរ៍ ទី១៤ ខែឧសភានេះនៅទីលាន RSN ផ្ទាល់តែម្តង។

លោក បែ មករា អ្នកចាត់ការទូទៅនៃក្លឹបបឹងកេតអង្គរបានលើកឡើងថា៖ «ខ្ញុំសូមកោតសរសើរចំពោះការបង្កើតកម្មវិធីនេះឡើង ហើយក្លឹបរបស់យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ ដោយសារតែយុវជនរបស់យើងនឹងមានឱកាសដើម្បីបានបង្ហាញខ្លួនខណៈដែលពួកគេមិនបានចូលរួមក្នុងការប្រកួតពានលីកកំពូល និងពានសម្តេចហ៊ុន សែន នោះ។ នាពេលសព្វថ្ងៃនេះ បឹងកេតអង្គរ មានយុុវជនចំនួន ២៥ រូបដែលកំពុងតែហ្វឹកហាត់ក្នុងក្រុមថ្នាលយុវជននេះ ប៉ុន្តែដោយសារតែពួកគេមិនសូវមានឱកាសក្នុងការបង្ហាញខ្លួននាពេលកន្លងមកបូករួមទាំងការហ្វឹកហាត់ក្នុងរយៈពេលខ្លីផងនោះ ខ្ញុំគិតថាក្រុមរបស់យើងនៅមានកម្រិិតនៅឡើយ បើធៀបជាមួយក្រុមថ្នាលរបស់ភ្នំពេញក្រោនដោយសារតែពួកគេទទួលបានការហ្វឹកហាត់បានល្អ មានការប្រមូលផ្តុំត្រឹមត្រូវ និងបានចូលរួមច្រើនក្នុងការប្រកួតកន្លងមក។ យ៉ាងណាក៏ដោយការផ្តោតលើការទទួលបទពិសោធន៍ និងការរួមចំណែកវិស័យកីឡាបាល់ទាត់ជាកត្តាសំខាន់ជាងការប្រកួតដើម្បីតែពានរង្វាន់។»

នេះគឹពិតជាឱកាសដ៏ល្អ និងមានតម្លៃមួយសម្រាប់ក្រុមថ្នាលយុវជននៃក្លឹបបាល់ទាត់ទាំងអស់នៅកម្ពុជាដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក៏ដូចជាអាចទាក់ទាញយុវជនដទៃទៀតឲ្យផ្តោតលើកីឡាបាល់ទាត់កាន់តែច្រើន ខណៈដែលវិស័យកីឡាជាតិកម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានស្របពេលដែលប្រទេសនេះក៏នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនាឆ្នាំ២០១៣ខាងមុខនេះ៕

_MG_6877

អត្ថបទ និងរូបភាព៖ មករា

 

 

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត