ក្រុមបាល់ទាត់វ័យចំណាស់ ៧ប្រទេសមកប្រកួតនៅភ្នំពេញក្រោនដើម្បីជួយគន្ធបុប្ផា

នូ មករា July 15, 2016


ភ្នំពេញ៖ ក្រុមកីឡាករវ័យចំណាស់ដែលធ្វើដំណើរមកពីប្រទេសចំនួន៧ នឹងត្រូវប្រកួតគ្នានៅក្នុុងកម្មវិធី LKC 8th IFC International Soccer 9s Tournament 2016 ដែលនឹងធ្វើឡើងនៅលើទីលាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននាថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ។

_MG_2853

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ លោក Stven Krupa ប្រធានក្លឹប IFC (International Football Club) បានឱ្យដឹងថា៖ «នេះជាលើកទី២ ហើយដែលយើងបានវិលត្រលប់មកកាន់ទីនេះ វិញបន្ទាប់ពីបានធ្វើកម្មវិធីនេះម្តងកាលពីឆ្នាំ២០១៤។ អ្វីៗបានផ្លាស់ប្តូរស្ទើរមិនគួរឱ្យជឿ! នៅពេលនេះក្លឹបភ្នំពេញក្រោន ដែលជាដៃគូរបស់យើងមានការវិវត្តន៍ប្រកបដោយភាពល្អប្រសើរ ហើយពួកយើងពិតជាសូមអរគុណចំពោះការរៀបចំ និងការផ្តល់ទីលានដែលប្រកបដោយស្តង់ដានេះ។ ខ្ញុំជឿជាក់ថា កីឡាករទាំងអស់ព្រមទាំងអ្នកចូលរួមប្រមាណជាជាង ៣០០ នាក់ផងដែរនោះ នឹងទទួលបាននូវភាពសប្បាយរីករាយ និងចំណងមិត្តភាពតាមរយៈព្រឹត្តិការណ៍មួយនេះ។ ជាពិសេសស្របតាមការណែនាំរបស់លោក ឬទ្ធី សំណាង យើងបានសម្រេចថា សម្រាប់ឆ្នាំនេះយើងនឹងប្រមូលថវិកាដែលទទួលបានពីសប្បុរសជននានាយកទៅឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផា ខណៈដែលពេលនេះយើងទទួលបានទឹកប្រាក់ប្រមាណជាជាង ៥០០០ ដុល្លាររួចជាស្រេច។»

_MG_2859

ជាមួយគ្នានេះដែរ លោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនបានលើកឡើងថា៖ «យើងខ្ញុំមានក្តីរីករាយ និងសូមស្វាគមន៍ចំពោះការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីនេះ ខ្ញុំសូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណង ៣ យ៉ាងពោលគឺទី១ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទី២ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកីឡាករនៃប្រទេសទាំង៧ ដែលមួយចំនួនគឺជាអតីតកីឡាករជម្រើសជាតិផងនោះ និងទី៣ គឺក្នុងគោលដៅប្រមូលថវិកាចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ផងដែរ។ ដូច្នេះ ក្រៅពីបានផ្សព្វផ្សាយពីទេសចរណ៍ វប្បធម៌របស់យើងទៅកាន់បណ្តាកីឡាករ និងអ្នកចូលរួមហើយនោះ យើងក៏អាចចូលរួមក្នុងការជួយសង្គមថែមទៀត។ នេះជាអ្វីដែលស្របទៅតាមសកម្មភាព និងគោលដៅដែលក្លឹបរបស់យើងតែងតែធ្វើរហូតមក។»

metd_rs_0909_pg0a

សូមបញ្ជាក់ថា  IFC International Soccer 9s Tournament 2016  គឺជាកម្មវិធីប្រកួតបាល់ទាត់មួយសម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី៤០ ឡើងទៅ (ប៉ុន្តែអនុញ្ញាត្តឱ្យមានសមាជិក ២នាក់ដែលមានអាយុចាប់ពី៣៧ ឆ្នាំឡើងទៅ) ដោយក្រុមនីមួយៗត្រូវមានសមាជិកចំនួន ៩រូប។ ការប្រកួតនេះបានធ្វើឡើងចំនួន ៧ដងរួចមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជានៅម៉ាឡេស៊ី ថៃ កម្ពុជា ចិន ខណៈដែលនាឆ្នាំ២០១៦ នេះមានការចូលរួមពីសំណាក់ក្រុមចំនួន ១៨ ដោយចែកចេញជា ៤ ពូលដោយត្រូវប្រកួតជម្រុះតាមពូលនីមួយៗ ដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គបន្តទៀត ដែលព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងពេញមួយថ្ងៃទី៣០ ខែកក្កដា តែម្តង៕

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត