សារឿន ចាន់ និង សូត្រ ប៊ុនធី អាចឈ្នះឬចាញ់ក្នុងជំនួបជាមួយថៃ?

ភ្នំពេញ៖ នៅលើសង្វៀន SEA TV នារសៀលថ្ងៃទី១០ ខែកក្កដាខាងមុខនេះ អ្នកប្រដាល់សារឿន ចាន់ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sayam ដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ មួយរយៈចុងក្រោយនេះសារឿន ចាន់ ហាក់ដូចជាស្រុតចុះខ្លាំងណាស់ដោយការប្រកួតរបស់គេគឺឃ្លាតពីជ័យជម្នះរហូតគឺស្ទើរគ្រប់ការប្រកួតមានតែចាញ់ និងស្មើពិន្ទុប៉ុណ្ណោះ។ តាមពិត ចាន់ គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានភាពរហ័សរហួន និងមានកលល្បិចល្អ ប៉ុន្តែមួយរយៈនេះរូបគេមិនសូវចូលក្លឹបដើម្បីហ្វឹកហាត់ឡើយគឺទាល់តែមានឈ្មោះត្រូវប្រកួតទើបគេចូលក្លឹបហ្វឹកហាត់បានមួយសប្ដាហ៍ ឬ ២-៣ថ្ងៃប៉ុណ្ណោះ។

Sareun-Chan-Yorth-Sayam [800x600]

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដង ចាញ់១១ដង និងស្មើពិន្ទុ ២ ដង។ ចំពោះអ្នកប្រដាល់ថៃ yorth Sayam វិញគេធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ដែរដោយមានឈ្នះមានចាញ់។ គេជាអ្នកប្រដាល់ដែលមានចលនារហ័សរហួននិងវ៉ៃដោយមិនបំពានលើគូប្រកួតឡើយ។ អ្នកប្រដាល់ថៃរូបនេះទោះបីគេមានប្រៀបលើគូប្រកួតក៏ដោយក៏គេមិនចូលចិត្តផ្ដួលគូប្រកួតឲ្យសន្លប់នោះទេគឺគេវ៉ៃយកឈ្នះពិន្ទុប៉ុណ្ណោះ ។ Yorth Sayam មានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៧០ដង ចាញ់១២ដងស្មើពិន្ទុ ១ ដងប៉ុណ្ណោះ។ ជំនួបមួយនេះមិនដឹងថាសារឿន ចាន់ នឹងឈ្នះឬចាញ់ឡើយ។

នៅថ្ងៃនោះដែរ អ្នកប្រដាល់សូត្រ ប៊ុនធី មកពីក្លឹបបក្សីស្លាបដែកនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kwan Ek ដោយអ្នកទាំងពីរក៏ត្រូវប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្នុងការប្រកួតជាមួយថៃមួយរយៈនេះ ប៊ុនធី តែងតែទទួលជ័យជម្នះរហូតមិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេបានផ្ដួលគូប្រកួតបានមុនទឹកទី ៥ ទៀតផង។ ប៊ុនធីមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៥ដង ចាញ់៩ដង និងស្មើពិន្ទុ ១ ដង។ ទោះបីអ្នកប្រដាល់រូបនេះមិនសូវវាងវៃក៏ពិតមែនតែជង្គង់ និងកែងរបស់គេគួរឲ្យខ្លាចណាស់។ចំពោះអ្នកប្រដាល់ថៃ Kwan EK វិញក៏មិនខ្សោយដែរ កែងរបស់គេមិនសូវអស្ចារ្យមែនតែជង្គង់ កណ្ដាប់ដៃនិងស្នៀតទាត់គឺមិនធម្មតាឡើយ ប៉ុន្តែកម្ពស់របស់គេគឺចាញ់ប្រៀបប៊ុនធីហើយ ។គូនេះនរណាជាអ្នកឈ្នះ ?

Soth-Bunthy-Kwan-Ek [800x600]

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ