ព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សាឆ្នាំ២០១៦ ទទួលបានភាពជោគជ័យកាន់តែខ្លាំង

ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ ថ្នាក់ដឹកនាំកីឡា៣រូប ដែលរួមមាន ឯកឧត្តមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានចូលរួមបិទក៏ដូចជាបំពាក់មេដាយជូនអត្តពលិកដែលជាជ័យលាភីក្នុងការប្រកួតកីឡាឧត្តមសិក្សាដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ ខែមិថុនាមកនោះនិងបានបញ្ចប់ដោយជោគជ័យហើយនៅថ្ងៃទី៧ ខែកក្កដានេះ។

13495081_858923854211832_1245312089620363884_n

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស៊ាន បូរ៉ាត បានបញ្ជាក់ថា៖ «ការប្រកួតកីឡាបានជំរុញឱ្យមានដាក់ទុនវិនិយោគដើម្បីលើកកម្ពស់ និងអភិវឌ្ឍគុណផលកីឡា ដែលមានសក្តានុពលសំដៅទទួលបានជោគជ័យ ក្នុងការប្រកួត លើឆាកអន្តរជាតិ។ ជាមួយគ្នានេះវិស័យអប់រំកាយ និងកីឡា បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពរបស់សិស្ស-និស្សិត និងប្រជាជនគ្រប់រូបដើម្បីកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម។»

IMG_8595 copy

តាមរយៈការប្រកួតកីឡាឧត្តមសិក្សានេះ ឯកឧត្តមបានកោតសើរ ចំពោះកីឡាករ-កីឡាការិនី សិស្ស-និស្សិតទាំងអស់ដែលខិតខំប្រកួតអស់ពីសមត្ថភាព និងគោរពតាមគោលការណ៍ Fair Play ប្រកបដោយភាពថ្លៃថ្នូរហើយអ្វីដែលពិសេសនោះ គឺការចូលរួមនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅឆ្នាំ២០២៣ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ផងដែរ។

13624917_1169624413094954_87467185_n

ជាមួយនឹងភាពជោគជ័យនេះដែរយើងឃើញថា សាកលវិទ្យាល័យអាស៊ីអឺរុបដណ្ដើមបានមេដាយច្រើនជាងគេគឺមេដាយមាសចំនួន១១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង។ ចំណែកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលស្ថិតនៅលំដាប់ទី២ នោះ ទទួលបានមេដាយមាសចំនួន ៨គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរិទ្ធចំនួន ៣គ្រឿងផងដែរ។

13567315_858923910878493_6387530803671089052_n

ជាការពិតណាស់ កម្មវិធីប្រកួតសិស្ស-និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះ បានរួមចំណែកក្នុងការបង្កើនភាពរឹងមាំរាងកាយ បញ្ញាស្មារតីដែលជាកាយសម្បទាចាំបាច់បំផុតរបស់មនុស្សក្នុងការសម្រេចគោលដៅ និងបំណងប្រាថ្នាតាមពហុវិស័យ គឺអាស្រ័យលើសុខភាព និងសុខុមាលភាព ព្រោះថាសុខភាពគឺជាកត្តាកំណត់ក្នុងការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងរបកគំហើញផ្នែកវិទ្យាសាស្រ្តទាំងឡាយ ដែលជាយន្តការសារវ័ន្តសម្រាប់ការកសាង ការការពារ និងការអភិវឌ្ឍន៍លើគ្រប់ផ្នែក និងគ្រប់វិស័យប្រកបដោយគុណវុឌ្ឍិ។

IMG_8576 copy

សម្រាប់ប្រកួតនៅឆ្នាំ២០១៦ នេះមាន ៦ប្រភេទកីឡាដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ដែលមានប្រតិភូកីឡាករ កីឡាការិនីសរុបចំនួន ៩៨៧នាក់ ក្នុងនោះមានកីឡាការិនី ១៨២នាក់ ផងដែរ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ