ប្រវត្តិរូប និងចំណាប់អារម្មណ៍របស់កីឡាករ កែវ សុខផេង

កែវ សុខផេង មានស្រុកកំណើតនៅភូមិរការកណ្តាលក្នុង ខេត្តក្រចេះ និងជាកូនពៅក្នុងគ្រួសារមួយដែលមានបងប្អូន៥នាក់។ សុខផេង បានចាប់ផ្តើមក្លាយជាអ្នកចូលចិត្តលេងកីឡាបាល់ទាត់ម្នាក់នៅអំឡុងពេល ដែលគេកំពុងសិក្សានៅឯវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ ក្នុងខេត្តក្រចេះ និងបានក្លាយជាកីឡាករម្នាក់នៅក្នុងក្រុមបាល់ទាត់មហាគ្រុឌផងដែរ។ នាឆ្នាំ២០០៧ កែវ សុខផេង ត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ ឆ្នាំ និងបានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាម នាកម្មវិធីប្រកួតបាល់ទាត់អាស៊ីដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៧ឆ្នាំ ដែលបន្ទាប់មកក្រុមកម្ពុជាបានទទួលបរាជ័យក្នុងលទ្ធផល ៧-០ ទល់នឹងក្រុមជប៉ុន។ កីឡាកររូបនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងក្រុមបាល់ទាត់បឹងកេត ដែលបងប្រុសរបស់គេ កែវ សុខង៉ន ក៏បានលេងនៅទីនោះដែរនាឆ្នាំ២០១២ ជាឆ្នាំដែលក្លឹបមួយនេះបានឈ្នះពានរង្វាន់លីកកំពូលកម្ពុជាជាលើកទី១របស់ខ្លួនផងដែរនោះ។ នៅដើមឆ្នាំនេះ កែវ សុខផេង ត្រូវបានជ្រើសរើសឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក្នុងព្រឹត្តិការណ៍នៃប្រកួតស៊ីហ្គេមលើកទី២៨ ព្រមទាំងបានទាត់បញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងការប្រកួតជាមួយក្រុមហ្វីលីពីន និងមីយ៉ាន់ម៉ា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តបាល់ទាត់កម្ពុជាជាមួយនឹងទម្រង់លេងដ៏ល្អរបស់ខ្លួន។ ជាងនេះទៅទៀត កាលពីដើមខែនេះ សុខផេង ក៏ត្រូវបានបញ្ចូលជាសមាជិកនៃក្រុមឈុតធំជម្រើសជាតិកម្ពុជាក្នុងការប្រកួតជម្រុះ World Cup ជាមួយក្រុមអាហ្វហ្គានីស្ថានថែមទៀតផង។

26

ខណៈដែលរូបគេបានក្លាយជាកីឡាករដែលមានប្រជាប្រិយ និងស្ថិតក្នុងការចង់បានរបស់ក្លឹបជាច្រើននោះ ប្រិយមិត្តជាច្រើនបានចោទសួរថា៖ ហេតុអ្វីបានជាកីឡាកររូបនេះសម្រេចចិត្តផ្លាស់ប្តូរមកកាន់ក្លឹបភ្នំពេញក្រោន?
« ខ្ញុំបានឃើញនូវភាពល្អប្រសើរ ក៏ដូចជាការអភិវឌ្ឍនៅក្នុងក្លឹបមួយនេះ។ នៅទីនេះមានការគ្រប់គ្រងល្អប្រកបដោយបរិក្ខារទំនើបៗ រួមជាមួយនឹងកីឡដ្ឋានផ្ទាល់ខ្លួនដ៏ធំ និងថ្មីសន្លាង ព្រមទាំងមានថ្នាលយុវជនក្មេងៗថែមទៀត ដែលទាំងនេះគឺជាអ្វីដែលក្លឹបភ្នំពេញក្រោនមាន និងឈានមុខជាងក្លឹបឯទៀត។ អ្វីៗទាំងអស់នេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភ្នំពេញក្រោនគឺជាក្លឹបបាល់ទាត់ដែលធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយពិតជាមានកិត្តិយសខ្លាំងណាស់ក្នុងការក្លាយខ្លួនជាសមាជិកម្នាក់នៃក្លឹបមួយនេះ។ មួយវិញទៀតខ្ញុំក៏មានក្តីរីករាយមែនទែនដែលបានធ្វើការជាមួយអ្នកគ្រប់គ្នានៅក្នុងក្លឹបដើម្បីរួមចំណែកក្នុងការថែរក្សាប្រវត្តិសាស្ត្រជាជើងឯកដែលក្លឹបធ្លាប់សម្រេចបាន៥សម័យកាលមកហើយនោះ។» សុខផេង បានលើកឡើងដូច្នេះ។ កីឡាកររូបនេះបានបន្ថែមទៀតថា៖« ខ្ញុំមិនអាចរង់ចាំតទៀតបានទេ ខ្ញុំពិតជាចង់ជួយក្លឹបដើម្បីដណ្តើមជ័យជម្នះក្នុងរដូវកាលនេះទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន! ខ្ញុំប្តេជ្ញាថា ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីភាពជោគជ័យរបស់ក្លឹបព្រោះថាបំណងប្រាថ្នាដ៏សំខាន់របស់ខ្ញុំគឺការលេងកីឡាបាល់ទាត់ដែលខ្ញុំស្រឡាញ់ ហើយដណ្តើមពានរង្វាន់ឲ្យបានច្រើន និងក្លាយទៅជាកីឡាករឆ្នើមម្នាក់នាពេលអនាគត។ ខ្ញុំក៏សង្ឃឹមថា បិ្រយមិត្តទាំងអស់នឹងមកចូលរួមគាំទ្រចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោននៅកីឡដ្ឋានថ្មីរបស់យើង ព្រោះថាអ្នកទាំងអស់គ្នានេះហើយដែលជាកម្លាំងចិត្តក្នុងការជំរុញឲ្យកីឡាករទាំងអស់តស៊ូឆ្ពោះទៅរកភាពជោគជ័យនោះ។ ខ្ញុំពិតជាចង់ឃើញអ្នករាល់គ្នាបង្ហាញមុខក្នុងការប្រកួតនានានៅឯកីឡដ្ឋាន RSN។»

32
បន្ទាប់ពីបានចុះកុងត្រាជាមួយក្លឹបភ្នំពេញក្រោនរួចមក កីឡាករទាំងពីរនាក់បងប្អូន កែវ សុខង៉ន និង កែវ សុខផេង ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគ្រប់គ្នានៅក្នុងក្លឹប។ ការចូលរួមរបស់អ្នកទាំងពីរគឺជាចំណែកមួយដ៏សំខាន់ក្នុងការប្រកួតនារដូវកាលនេះ ខណៈដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបជាមួយក្លឹបបឹងកេតអង្គរនៅថ្ងៃទី២ ខែកក្កដា ខាងមុខនេះនៅឯកីឡដ្ឋានRSN ផ្ទាល់តែម្តង។

23

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ