បទសម្ភាសន៍ជាមួយកីឡាករ កែវ សុខផេង ​ក្រោយការផ្លាស់មកចូលរួមជាមួួួយក្លឹបភ្នំពេញក្រោន

កីឡាករ កែវ សុខផេង បានផ្តល់នូវបទសម្ភាសន៍ផ្តាច់មុខមួយជាមួយគេហទំព័រ Camsports ​អំពីជីវប្រវត្តិ ក៏ដូចជាចំណាប់អារម្មណ៍របស់ខ្លួនមួយចំនួនក្នុងការចូលរួមជាមួយក្លឹបថ្មី។​ ចង់ដឹងយ៉ាងណានោះ! តោះ

33

សំណួរ៖ជាដំបូងសូមលោកជម្រាបដល់ប្រិយមិត្តអំពីទីកន្លែងកំណើតក៏ដូចជាពីស្ថានភាពគ្រួសាររបស់លោក។
ចម្លើយ៖ខ្ញុំបាទមានស្រុកកំណើតនៅស្រុកក្រចេះខេត្តក្រចេះគ្រួសាររបស់ខ្ញុំមានបងប្អូន៥នាក់ ហើយខ្ញុំជាកូនពៅ។

សំណួរ៖តើពេលលោកបានចាប់ផ្តើមលេងបាល់ទាត់កម្រិតអាជីពនៅពេលណាដែរ? ហេតុអ្វី?
ចម្លើយ៖សម្រាប់ខ្ញុំគឺនៅពេលចាប់ផ្តើមចូលមហាវិទ្យាល័យតែម្តង។មូលហេតុដែលសម្រេចចិត្តលេងបាល់ទាត់ព្រោះចូលចិត្តតាំងពីក្មេងមកម្ល៉េះហើយមួយវិញទៀតដោយសារខ្ញុំមានបងប្រុសជាកីឡាករបាល់ទាត់ស្រាប់ផងចាប់ពីពេលនោះមកក៏ចង់លេងដូចគាត់ហើយម្យ៉ាងគិតថាខ្លួនអាចលេងបានកត្តាមួយទៀតនោះគឺឪពុកម្តាយតែម្តងគាត់មិនបានហាមឃាត់នោះទេផ្ទុយទៅវិញគាត់មានតែជំរុញពួកយើងបន្ថែមទៀតដែលនេះជាចលករដ៏សំខាន់សម្រាប់ខ្ញុំ។មួយវិញទៀតខ្ញុំគិតថាវិស័យកីឡាបាល់ទាត់នេះនឹងមានការរីកចម្រើនទាំងកីឡាករទាំងអ្នកគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាក់ជាមិនខាន។

សំណួរ៖តើក្រុមណាមួយដែលលោកបានចូលលេងដំបូងគេ?
ចម្លើយ៖ បាទនោះគឺក្រុមមហាគ្រុឌនៅខេត្តក្រចេះ បន្ទាប់មកខ្ញុំបានលេងជាមួយក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០០៧ក្នុងឈុត U១៦។ ក្រោយមកខ្ញុំក៏សម្រាករហូតដល់ឆ្នាំ២០១៥ទើបមកលេងវិញហើយក៏ជាប់ជាជម្រើសជាតិក្នុងឈុតU២៣ ក្នុងឆ្នាំ២០១៥នេះតែម្តង។

សំណួរ៖តើអ្វីដែលសុខផេងគិតថានឹងទទួលបាននាពេលអនាគតក្នុងអាជីពមួយនេះ?
ចម្លើយ៖ សម្រាប់ខ្ញុំនៅពេលដែលឃើញបងប្រុសខ្ញុំមកភ្នំពេញដំបូងខ្ញុំក៏ចង់មកដូចគាត់ដែរ ហើយឥលូវបានមកដូចការប៉ងប្រាថ្នាហើយអ្វីដែលរំភើបឬអាចនិយាយបានថានឹកស្មានមិនដល់នោះគឺការបានចូលក្នុងក្រុមជម្រើសជាតិ និងក្លឹបភ្នំពេញក្រោននេះតែម្តង។ បន្ទាប់ពីនេះគឺខ្ញុំចង់ក្លាយជាកីឡាករមួយរូបដែលប្រជាជនកម្ពុជាទាំងអស់ស្គាល់ និងគោរពស្រលាញ់ចូលចិត្ត។

សំណួរ៖បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមកពេលនេះគឺជាកាលៈទេសៈដែលក្លឹបជាច្រើនចង់បានសុខផេង ប៉ុន្តែហេតុអ្វីបានជាលោកសម្រេចចិត្តចូលរួមជាមួយក្លឹបភ្នំពេញក្រោនបែបនេះ?
ចម្លើយ៖ បាទគឺដោយសារថាខ្ញុំបានមើលឃើញពីភាពរីកចម្រើន ព្រមទាំងរចនាសម្ព័ន្ធត្រឹមត្រូវ ក្នុងការគ្រប់គ្រងបានល្អ មានសម្ភារៈបរិក្ខារកីឡាគ្រប់គ្រាន់ តួយ៉ាងដូចជាស្តាតផ្ទាល់ខ្លួន ព្រមទាំងមានថ្នាលយុវជនមាន គ្រូបង្វឹក គ្រូបច្ចេកទេស គ្រូពេទ្យដែលប្រកបដោយសមត្ថភាព ហើយការអភិវឌ្ឍមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាងបណ្តាក្លឹបដទៃទៀតនៅកម្ពុជា។
សំណួរ៖តើសុខផេងមានអ្វីជាសារផ្ញើរចំពោះទៅដល់អ្នកគាំទ្ររបស់ខ្លួន?
ចម្លើយ៖ ខ្ញុំសូមថ្លែងអំណរគុណសម្រាប់អ្នកគាំទ្ររូបខ្ញុំបាទ និងសូមឱ្យបន្តការគាំទ្រក៏ដូចជាចូលរួមរាល់ការប្រកួតរបស់ក្លឹបភ្នំពេញក្រោន នៅក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីកនេះឱ្យបានច្រើនកុះករដើម្បីឱ្យពួកយើងមានកម្លាំងចិត្តក្នុងការប្រកួត និងសូមឲ្យចំណាយពេលក្នុងការសិក្សា ឬហាត់កីឡានៅពេលទំនេរជាជាងការយកពេលទៅប្រព្រឹត្តអំពើអបាយអមុខផ្សេងៗ។

12

មតិយោបល់

Sponsor

អត្ថបទថ្មីៗ