លទ្ធផលនៃការប្រកួតគុនខ្មែរលើសង្វៀនទាំង៣ កាលពីចុងសប្តាហ៍មុន

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាបានទទួលជ័យជម្នះទាំង ២ នាក់ ក្នុងព្រឹត្តិការណ៍ប្រកួតវិលជុំដណ្តើមខ្សែក្រវាត់គោជល់កាលពីចុងសប្តាហ៍មុននៅលើសង្វៀន CNC ។

អ្នកប្រដាល់ជើងថ្មី វី សេរីចាន់ឌីន មកពីក្លឹបខ្លារខិនមានរិទ្ធបានយកឈ្នះអ្នកប្រដាល់ថៃ Darki Sor Viravan ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នាយ៉ាងតឹងតែងពេញ ៥ទឹករួចមក ស្របពេលដែល អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធបានផ្ដួលអ្នកប្រដាល់ឡាវ Chan Chai ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ដែរនោះ។

photo_2016-07-04_05-51-49 [800x600]

ចំណែកឯក្នុងការប្រកួតជាលក្ខណៈអន្តរជាតិរវាងកម្ពុជា-ថៃលើសង្វៀន Ganzberg របស់ SEA TV នាព្រឹកថ្ងៃទី៣ ខែកក្កដា នោះអ្នកប្រដាល់កម្ពុជា យុគ យក្សផ្លែ ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Phayak Makha។ ក្នុងការប្រកួត ៥ ទឹកនេះយក្សផ្លែបានប្រើកែងវាយអ្នកប្រដាល់ថៃជាហេតុធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់ ៨ នៅទឹកទី ៣ ។ការប្រកួតនេះប្រសិនបើយក្សផ្លែវ៉ៃអ្នកប្រដាល់ថៃមិនរាប់ទេនោះច្បាស់ជាចាញ់អ្នកប្រដាល់ថៃទៅហើយ។

ដោយឡែកផាន់ គ្រាន់ មកពីក្លឹបគុជសារកីឡា លើកនេះវ៉ៃបានយ៉ាងល្អដោយយកឈ្នះអ្នកប្រដាល់ថៃ Phich Nam Ek បានដោយពិន្ទុទោះបីការប្រកួតនោះតឹងតែងបន្តិចក៏ដោយ។

ចំពោះខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀន SEA TVល្ងាចថ្ងៃទី៣ ខែកក្កដាបានបញ្ចប់ការប្រកួតជម្រុះក្នុងពូលហើយដោយអ្នកប្រដាល់ផង់ សុភាពក្លិបខេត្តរតនគីរីត្រូវអ្នកប្រដាល់ថៃ Phlay Noy វាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។

សម្រាប់ពូល A អ្នកដែលឡើងទៅប្រកួតវគ្គបន្តគឺមឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្ស និង ផង់ សុភាព មកពីក្លឹបខេត្តរតនគីរី ឯ អ្នកដែលហាលអាវគឺមាស ច័ន្ទមាន ដែលជាកីឡាករនៅសមាគមប្រដាល់ក្រសួងការពារជាតិ និង ជា សំនៀង មកពីក្លឹបទ័ពឆ័ត្រយោង៩១១ ។

ចំពោះពូល B អ្នកឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺអ្នកប្រដាល់ថៃទាំង ២រទបគឺ Phlay Noyនិង Phayak Noy ។ ចំពោះអ្នកហាលអាវ២រូបជាអ្នកប្រដាល់មកពីចក្រភពអង់គ្លេសគឺKieron Jessopនិង Ray Orn។

photo_2016-07-04_05-55-46 [800x600] (1)

ឯការប្រកួតយប់ថ្ងៃទី៣ ខែកក្កដាព្រឹត្តិការណ៍TV5 Boxing Knock Out លើសង្វៀន TIFFY ARENA បានចាប់ផ្ដើមហើយដោយមានការប្រកួតចំនួន ២ គូ ។ អ្នកប្រដាល់ឆន ចន្នី មកពីក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានយកឈ្នះចាន់ សាន់ មកពីក្លឹបនិរោធន៍មានជ័យដោយពិន្ទុ និង យ៉ុន ដារ័ត្ន នៃក្លឹបតាឡីដំរីមានរិទ្ធបានយកឈ្នះកំពែង ខ្មៅក្លិបក្រសួងកសិកម្មនៅទឹកទី ២៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ