Hun Sen Cup៖ គ្រូស្វាយរៀង-ទ័ពថា ជំនួបវគ្គផ្ដាច់ព្រ័ត្រយប់នេះ អាចឈានដល់ប៉េណាល់ទី!

ភ្នំពេញ៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព)បានលើកឡើងដូចគ្នាថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦យប់នេះ អាចឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ឬអាចឈានដល់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីទៀតផង ដោយសារសមត្ថភាពកីឡាករក្រុមទាំងពីរល្អប្រហាក់ប្រហែលគ្នា។

13512091_1759519380952229_2534656660174121633_n

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា ក្នុងនាមជាក្រុមការពារតំណែងជើងឯក គឺត្រូវការឈ្នះ តែក្រសួងការពារជាតិក៏ត្រូវការឈ្នះដែរ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់ដ៏សំខាន់មួយនេះ ។ ប៉ុន្ដែបញ្ហាចំពោះមុខ គឺការរកវិធីសាស្ដ្របែបណាដើម្បីទទួលបានជ័យជម្នះ បើកីឡាករក្រុមទាំងពីរ មានបច្ចេកទេស និងកល្បិចលើទីលានល្អដូចគ្នា ហេតុនេះការប្រកួត ៩០នាទីអាចនឹងមានភាពតានតឹងបំផុតសម្រាប់លោក ។

លោក សំ វ៉ាន់ដេត បានថ្លែងថា «សម្រាប់ការប្រកួតយប់នេះ ៣០% គេឈ្នះ ៣០% ខ្ញុំឈ្នះ ហើយ ៤០% យើងអាចស្មើរហូតដល់ថែមម៉ោង ឬបាល់ប៉េណាល់ទីកាត់សេចក្ដី ។ ប៉ុន្ដែបើបាល់ឈានដល់ម៉ោងបន្ថែម វាគឺជាក្ដីបារម្មណ៍របស់ខ្ញុំ ព្រោះលេងជាប់ៗគ្នាហើយយើងលេងច្រើនម៉ោងជាងគេ» ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីព្រះខ័នរាជស្វាយរៀងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមភ្នំពេញក្រោន ឈានដល់បាល់ប៉េណាល់ទីកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

13537748_1293339740693547_5053080800205064686_n

ជាមួយលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួត ១២០នាទីរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោនដែលឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីនោះដែរ ក៏ត្រូវបានលោក ទេព ឡុងរចនា យកមកប្រៀបធៀបរវាងក្រុមលោកនិងក្រុមព្រះខ័នរាជស្វាយរៀងផងដែរ ។ លោកនិយាយថា «ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ អាចឈានដល់ប៉េណាល់ទី ព្រោះដូចភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀង ដែលមានកម្លាំងប៉ុនគ្នា ដូច្នេះការរកគ្រាប់បាល់វាពិតជាពិបាកខ្លាំងណាស់ អញ្ចឹងវាអាចនឹងកើតឡើងនៅម៉ោងបន្ថែមឬបាល់ប៉េណាល់ទី» ។

photo_2016-04-28_08-58-02

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ នឹងចាប់ផ្ដើមនាវេលាម៉ោង ៧យប់នេះនៅលើទីលានពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែមុននឹងឈានដល់គូដណ្ដើមតំណែងជើងឯកនេះ ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមភ្នំពេញក្រោន និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា នាវេលាម៉ោង៣:៣០នាទីរសៀលនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ